ទារកកើតចំរដូវអាកាសធាតុត្រជាក់ អាចប្រឈមខ្ពស់ជាមួយជំងឺប្រតិកម្ម ឬ អាល់ឡែកស៊ីម្យ៉ាងហៅថា atopic march ដែលជាធម្មតាគេស្គាល់ថាជាជំងឺត្រអក វាធ្វើឱ្យស្បែករលាក ស្បែកប្រតិកម្មដោយសារអាហារ កើតហឺត និង ឧស្សាហ៍គ្រុនក្តៅនៅពេលពួកគេធំឡើង ជួនអាចពេញមួយជីវិត។ ទន្ទឹមគ្នានេះ អាកាសធាតុត្រជាក់ក៏នឹងបំផ្លាញរបាំងការពារស្បែកផងដែរ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវ និង ចេញផ្សាយនៃទិនានុប្បវត្តិវេជ្ជសាស្ត្ររបស់ The Journal of Allergy and Clinical Immunology របស់អាមេរិក។
បើតាមវេជ្ជបណ្ឌិត Jessica Hui ឯកទេសខាងរោគប្រតិកម្មផ្នែកជំងឺកុមារ ទារកដែលកើតចំខែត្រជាក់ អាចធ្វើឱ្យស្បែកស្ងួត រមាស់ ដែលទាក់ទងទៅនឹងជំងឺត្រអក ជាពិសេស ប្រឈមហានិភ័យបាក់តេរីលូតលាស់នៅលើស្បែក។ ពេលស្បែកស្ងួតឡើងប្រេះ ភាគល្អិតៗនៃអាហារ និង សារធាតុបង្កជំងឺផ្សេងៗនឹងចូលទៅក្នុងស្បែក រួចជ្រាបទៅក្នុងខ្លួន។ បន្ទាប់មករាងកាយនឹងទទួលស្គាល់ភាគល្អិតទាំងនេះ ជាការព្រមាននៃគ្រោះថ្នាក់។ ដូច្នេះនៅពេលទារកបរិភោគអាហារទាំងនោះ រាងកាយនឹងបង្កឱ្យមានប្រតិកម្មអាល់ឡែកស៊ីស្បែក ដើម្បីជាការប្រឆំាងនឹងការព្រមាននៃគ្រោះថ្នាក់។ ការអាល់ឡែកស៊ីស្បែកនៅវ័យកុមារ អាចបង្ហាញសញ្ញាមិនប្រក្រតីដូចជា ឡើងកន្ទួល រមាស់ ចង្អោរ និង ហើមនៅផ្លូវដង្ហើម។
ដើម្បីសិក្សាករណីអាកាសធាតុដែលប៉ះពាល់ដល់ស្បែក អ្នកស្រាវជ្រាវបានធ្វើការពិសោធស្បែកជាមួយសីតុណ្ហភាពពីកម្រិតត្រជាក់មធ្យមឡើងទៅខ្ពស់។ ជាលទ្ធផលពួកគេរកឃើញថា សីតុណ្ហភាពទាបបានរារាំងប្រូតេអ៊ីននៅស្រទាប់ស្បែកខាងលើ ធ្វើឱ្យមុខងារស្បែកដំណើរការមិនត្រឹមត្រូវ ហើយសារធាតុអាល់ឡែកស៊ីក៏នឹងជ្រាបចូលទៅក្នុងស្បែករហ័ស។ គេសម្គាល់ឃើញទៀតថា បើសីតុណ្ហភាពកាន់តែត្រជាក់ វានឹងបំផ្លាញរបាំងការពារស្បែកកាន់តែខ្លាំង។
វេជ្ជបណ្ឌិតខាងលើបានផ្តល់ដំបូន្មានដែរថា ដើម្បីការពារស្បែកកូននៅរដូវត្រជាក់ ចំណុចចម្បងត្រូវផ្តល់សំណើមដល់ស្បែក ព្រោះវានឹងពង្រឹងរបាំងការពារស្បែករឹងមាំល្អ មិនងាយឱ្យសារធាតុអាល់ឡែកស៊ីឆ្លងកាត់បាន៕
ប្រភព៖ nationaljewish