កាន់តែឆ្ងាយទៅៗ! តាក់ម៉ា បាត់ឈឹងពីវិថីសិល្បៈ ហើយសំងំរស់នៅក្រៅប្រទេសយ៉ាងស្ងប់ស្ងាត់
បើរំឭកដល់តារាចម្រៀងប្រចាំផលិតកម្ម M ផ្នែកនារី ច្បាស់ណាស់មហាជនអ្នកគាំទ្រមួយចំនួន នៅចាំនៅឡើយ កញ្ញា តាក់ម៉ា ម្ចាស់បទ «ខូចចិត្តមិនហ៊ានយំ» ដែលត្រូវជាបងប្អូនជីដូនមួយរបស់តារាចម្រៀង នីកូ និង លោក ណុប បាយ៉ារិទ្ធ។
យ៉ាងណាមិញ រយៈពេលប្រមាណមួយឆ្នាំចុងក្រោយនេះ កញ្ញា តាក់ម៉ា ហាក់ស្ងប់ស្ងាត់សូន្យឈឹងលើវិថីសិល្បៈ បន្ទាប់ពីនាងបានបង្ហាញវត្តមានលើឆាកប្រកួតចម្រៀងលំដាប់ពិភពលោករបស់ទូរទស្សន៍ហង្សមាស គឺកម្មវិធី «I am Singer Cambodia» កាលពីអំឡុងឆ្នាំ ២០២០។
ក្រោយមក តារាចម្រៀងស្រីរូបនេះ ក៏បន្តបង្ហាញវត្តមានក្នុងវិថីសិល្បៈ ចូលរួមកម្មវិធីកម្សាន្តនានា រហូតមកដល់អំឡុងឆ្នាំ ២០២៣ គឺកញ្ញា មិនសូវបង្ហាញវត្តមានក្នុងកម្មវិធីសិល្បៈណាមួយឡើយ។
តាមពិតទៅ កញ្ញា តាក់ម៉ា បានចាកចេញពីប្រទេសកម្ពុជាមួយរយៈហើយ ដោយទៅរស់នៅសហរដ្ឋអាមេរិកតាំងពីអំឡុងពាក់កណ្តាលឆ្នាំ ២០២៣ មកម្ល៉េះ ហើយបច្ចុប្បន្ន កញ្ញា ក៏បន្តរស់នៅទីនោះ ដោយស្ងប់ស្ងាត់ និង រសាត់ឆ្ងាយពីសិល្បៈផងដែរ៕