ថ្មីៗនេះ មានឃ្លីបវីដេអូមួយ កំពុងធ្វើឱ្យមហាជនហួសចិត្តអស់សំណើចពេញបណ្តាញសង្គមថៃ ដែលក្នុងនោះជារឿងរ៉ាវរបស់អ្នកជំងឺម្នាក់ ត្រូវពស់ចឹក ឆ្លៀតយកវាទៅពេទ្យជាមួយ តែទៅដល់ស្រាប់តែបាត់ស្រមោលពស់ ធ្វើឱ្យផ្អើលអស់ទាំងពេទ្យ។
តាមព័ត៌មានបានឱ្យដឹងថា មានអ្នកជំងឺម្នាក់ បានត្រូវពស់ចឹក ទើបយកពស់ដែលចឹកខ្លួននោះ ទាំងនៅរស់ដាក់ស្បោងយកមកមន្ទីរពេទ្យជាមួយ ដើម្បីឱ្យពេទ្យមើលថាជាពស់មានពិសឬយ៉ាងណា។ ដល់ពេលយកមកដល់ពេទ្យ មួយសន្ទុះក្រោយ ស្រាប់តែមានពេទ្យម្នាក់ដើរមកប្រាប់ថា ពស់បានបាត់ពីក្នុងស្បោងទៅហើយ ដែលធ្វើឱ្យអ្នកនៅក្នុងមន្ទីរពេទ្យទាំងប៉ុន្មាននាំគ្នាចលាចល។
យ៉ាងណាមិញ ក្រោយពីបាត់ភ្លាមៗ ខាងអាជ្ញាធរសង្រ្គោះ ក៏បាននាំគ្នារុករកមិនចាំយូរផងដែរ ដែលក្រោយមកក៏បានឃើញវាទៅនៅក្នុងឧបករណ៍របស់ពេទ្យ រួចក៏បានចាប់វាទុកវិញយ៉ាងសុវត្ថិភាព៕