ព្រះអើយ! អគ្គិភ័យឆេះរោងចក្រផលិត iPhone នៅឥណ្ឌា មានអគារមួយត្រូវភ្លើងត្របាក់រហូតរលំរាបដល់ដី
កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ មានអគ្គិភ័យដ៏សន្ធោសន្ធៅមួយឆាបឆេះរោងចក្រ Tata Electronics ដែលជារោងចក្រផលិត iPhone ដ៏ធំមួយនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បណ្ដាលឱ្យរោងចក្រមួយនេះត្រូវបញ្ឈប់សង្វាក់ផលិតកម្មទាំងស្រុងមួយរយៈសិន។
តាមព័ត៌មានបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះឡើងនៅក្នុងកន្លែងដែលប្រើប្រាស់សម្រាប់ផ្ទុកសារធាតុគីមីក្នុងរោងចក្រ។ ភ្លើងឆាបឆេះខ្លាំងក្លាមែនទែនរហូតអគារមួយត្រូវរលំ ប៉ុន្តែជាសំណាងល្អ មិនមានកម្មករណាម្នាក់រងរបួស ឬ បាត់បង់ជីវិតនោះឡើយ។
តាមឱ្យដឹងនៅពេលកើតហេតុ មានកម្មករបំពេញការងារសរុបប្រមាណ ១៥០០ នាក់ តែកម្មករទាំងអស់ត្រូវបានបញ្ជូនឱ្យត្រឡប់ទៅផ្ទះដើម្បីធានាសុវត្ថិភាព ខណៈសង្វាក់ផលិតកម្មក្នុងរោងចក្រត្រូវផ្អាកដំណើរការទាំងស្រុងសិន។ រថយន្តពន្លត់អគ្គិភ័យប្រមាណជាង ១០ គ្រឿងបានចុះមកដល់ទីតាំងដើម្បីអន្តរាគមន៍។
បច្ចុប្បន្ន ខាងអាជ្ញាធរ និង ក្រុមហ៊ុនខាងលើ កំពុងស៊ើបអង្កេតរកមូលហេតុបង្កឱ្យមានការឆាបឆេះនេះកើតឡើង ហើយខាងក្រុមហ៊ុននឹងចាត់វិធានការចាំបាច់ណាមួយដើម្បីការពារបុគ្គលិក រួមនឹងភាគីពាក់ព័ន្ធផ្សេងៗ៕
ប្រភព៖ Kenh14