កូនប្រុស Diddy រងការរិះគន់ដូចព្យុះ ក្រោយយកគណនី IG របស់ឪពុក បង្ហោះវីដេអូពីទង្វើរឿងល្អៗរបស់លោកធ្លាប់ធ្វើកន្លងមក
កូនប្រុសរបស់តារារ៉េប Diddy លោក Christian ‘King’ Combs ថ្មីៗកន្លងទៅនេះបានរងការរិះគន់យ៉ាងខ្លាំងក្លាក្រោយរូបលោកបានចូលទៅប្រើប្រាស់គណនី Instagram របស់ឪពុក ដើម្បីចែកចាយពីរឿងវិជ្ជមានៗក្នុងថ្ងៃខួបកំណើតរបស់ Diddy ។
តាមរយៈវីដេអូដែលបានបង្ហោះនោះដែរ Christian អាយុ ២៧ ឆ្នាំ ដែលមានម្ដាយឈ្មោះ Kim Porter បានបង្ហោះវីដេអូរបស់ខ្លួនឯងមួយដោយនិយាយរៀបរាប់ថា៖ «ពួកយើងនឹងធ្វើការបង្ហោះវីដេអូ ចែករំលែកថាមពលល្អៗ នាំអ្នកទាំងអស់គ្នាទៅកាន់ការចងចាំមួយដែលពោរពេញដោយរឿងវិជ្ជមានដែលគាត់ធ្លាប់ធ្វើកន្លងមក»។
យ៉ាងណាមិញ វីដេអូមួយនេះដែរក្រោយបង្ហោះមិនបានប៉ុន្មានក៏ត្រូវរងការរិះគន់ដូចព្យុះ ក៏ព្រោះតែរូបគេបានគាំទ្រលើកទឹកចិត្ត Diddy ជាឪពុក បើទោះជាការឃាត់ខ្លួនរបស់លោកពាក់ព័ន្ធនឹងបទចោទប្រកាន់លើបទគំរាមកំហែង ជួញដូរផ្លូវភេទ និង ទង្វើពេស្យាចារនោះ។
គួរបញ្ជាក់ថា តារារ៉េប P Diddy ត្រូវបានប៉ូលិសចាប់ខ្លួននាសណ្ឋាគារ Park Hyatt នៅកណ្ដាលក្រុង Manhattan ដោយបច្ចុប្បន្នកំពុងស្ថិតក្នុងពន្ធនាគាររង់ចាំការកាត់ទោស។ ចំពោះការចាប់ខ្លួនតារារ៉េបរូបនេះដែរ មានជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់ជាច្រើនរួមមានការគំរាមកំហែង និង បៀតបៀនផ្លូវភេទលើមនុស្សស្រីរាប់ឆ្នាំ និង ការជួញដូរផ្លូវភេទ ជាដើម។ ប្រសិនបើរកឃើញថា P Diddy ពិតជាបានប្រព្រឹត្តអំពើទាំងអស់ដូចដែលបានចោទប្រកាន់នោះមែន នោះតារារ៉េបរូបនេះប្រឈមនឹងការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត៕
ប្រភព៖ Dailymail