កុំហ៊ាន! នៅអាមេរិក អនុម័តច្បាប់ហើយគឺអ្នកទោសបំពានលើអនីតិជនអាយុក្រោម ១៣ ឆ្នាំ នឹងចាប់គ្រៀវ
រដ្ឋាភិបាលរដ្ឋ Louisiana សហរដ្ឋអាមេរិក បានសម្រេចអនុម័តលើច្បាប់មួយដែលអនុញ្ញាតឱ្យចៅក្រមមានសិទ្ធិដាក់ទោសគ្រៀវទៅលើឧក្រិដ្ឋជន ដែលបានរំលោភផ្លូវភេទលើក្មេងៗអាយុក្រោម ១៣ ឆ្នាំ។
ប្រសិនបើច្បាប់ថ្មីនេះបានចុះជាផ្លូវការ នោះរដ្ឋ Louisiana នឹងក្លាយជារដ្ឋដំបូងគេនៅអាមេរិក ដែលដាក់ការវះគ្រៀវជាទោសពិន័យ។ កាលពីមុន មានរដ្ឋជាច្រើននៅសហរដ្ឋអាមេរិកបានដាក់ស្នើការដាក់ទោសជាច្រើនទម្រង់លើឧក្រិដ្ឋកម្មផ្លូវភេទ ក្នុងនោះរួមមានការគ្រៀវដោយប្រើប្រាស់គីមី ជាដើម។ យ៉ាងណាមិញ បើតាមមន្ត្រីនៅអាមេរិកបានបញ្ជាក់ថា មិនទាន់មានរដ្ឋណាមួយអនុញ្ញាតឱ្យចៅក្រមដាក់ទោសវះកាត់គ្រៀវលើឧក្រិដ្ឋជននោះឡើយ។
បើតាមច្បាប់ថ្មីដែលទើបអនុម័តនេះ ឧក្រិដ្ឋជនដែលបដិសេដមិនទទួលការគ្រៀវ នឹងត្រូវជាប់គុកពី ៣ ទៅ ៥ ឆ្នាំ។ ខាងអាជ្ញាធរក្នុងតំបន់សង្ឃឹមថា ច្បាប់នេះនឹងដាក់ចេញមកដើម្បីជាការព្រមានដល់ជនណាដែលចង់បំពានលើក្មេងៗនៅពេលអនាគត។
គួរបញ្ជាក់ដែរថា ច្បាប់គ្រៀវដោយប្រើគីមីលើអ្នកទោសក្នុងរដ្ឋ Louisiana គឺបានអនុវត្តឡើងតាំងពីឆ្នាំ ២០០៨ ប៉ុន្តែនៅចន្លោះឆ្នាំ ២០១០ និង ២០១៩ ពួកគេរកឃើញមានអ្នកទោសទទួលពិន័យមួយនេះ ត្រឹម ១ ទៅ ២ ករណីប៉ុណ្ណោះ។ ដោយឡែក បច្ចុប្បន្ននៅរដ្ឋនេះមានអ្នកទោសប្រមាណ ២២២៤ នាក់ ត្រូវបានចាប់ឃុំពីបទរំលោភលើកុមារអាយុក្រោម ១៣ ឆ្នាំ៕