សល់ជាង ១ សប្ដាហ៍ទៀតចូលរោង Patricia ប្រាប់ថាមង្គលការនាងធ្វើ ២ ថ្ងៃ មានកម្មវិធីពិសេសច្រើនទៀត
មួយរយៈក្រោយនេះ រឿងរ៉ាវស្នេហារបស់តារាស្រី Patricia បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ព្រោះតែគូស្នេហ៍ហាយសូរបស់នាង Note Vises បានលុតជង្គង់សុំរៀបការ ហើយអ្នកទាំងពីរក៏ប្រកាសថ្ងៃរៀបអាពាហ៍ពិពាហ៍ដែលនឹងធ្វើឡើងនៅចុងខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ។
កាន់តែកៀកថ្ងៃសំខាន់ Patricia បានចេញមុខទម្លាយលម្អិតឱ្យដឹងថា ៖ «ពួកយើងកំពុងត្រៀមខ្លួនហើយ ដោយខ្ញុំអាចប្រាប់បន្ថែមខ្លះៗថា ពួកយើងនឹងធ្វើពិធីចំនួន ២ ថ្ងៃ ដោយថ្ងៃទី ២០ ខែធ្នូ គឺជាថ្ងៃធ្វើពិធីរៀបការ ចំណែកឯថ្ងៃទី ២២ គឺជាថ្ងៃជប់លៀងឆ្លង ដោយមានការជួបជុំសប្បាយពីសំណាក់មិត្តភក្ដិ និង ក្រុមគ្រួសារ»។
«ចំពោះទីតាំងដំបូងយើងគិតថារៀបចំ Outdoor នៅសួនរៀបចំបែបលក្ខណៈអង់គ្លេសដែលស្រដៀងនឹងទីតាំង Note សុំខ្ញុំរៀបការ ប៉ុន្ដែដោយពួកយើងខ្លាចអាកាសធាតុមិនអំណោយផល បច្ចុប្បន្នក៏សម្រេចចិត្តថាធ្វើ Indoor វិញ តែអាចនឹងមានការកែសម្រួលខ្លះៗអាស្រ័យតាមជាក់ស្ដែង។ ចំណែកនាងខ្ញុំបានត្រៀមឈុតកូនក្រមុំ ៤ ឈុត សម្រាប់ទាំងពីរថ្ងៃ ហើយខ្ញុំបានទៅលឈុតហើយម្ដងរួចហើយ តែនៅកែសម្រួលខ្លះៗ ព្រោះធ្វើមិនទាន់រួចរាល់នៅឡើយ។ ខ្ញុំមានអារម្មណ៍ថាអ្វីៗកើតឡើងលឿនណាស់ ព្រោះសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺដល់ថ្ងៃហើយ»៕