ទីបំផុត ម្ចាស់មកុដ Miss Planet International ជំនាន់ទី ២ រកឃើញហើយ បានលើបវរកញ្ញាហ្វីលីពីន
ក្រោយពីបើកឆាកប្រកួតយ៉ាងស្វិតស្វាញជិតមួយខែនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាមក នៅទីបំផុតកម្មវិធី Miss Planet International ២០២៣ បានរកឃើញនូវម្ចាស់មកុដថ្មីហើយ បានទៅលើបវរកញ្ញាប្រទេសហ្វីលីពីន នាង Maria Luisa Varela។
នាង Maria Luisa Varela ជាបវរកញ្ញាម្នាក់ដែលលេចធ្លោ ទទួលការចាប់អារម្មណ៍ពីសំណាក់មហាជនអ្នកគាំទ្រតាំងតែថ្ងៃមកដល់ប្រទេសកម្ពុជាមកម៉្លេះ។ បវរកញ្ញារូបនេះជានារីម្នាក់មានឆន្ទៈ និង ការប្តេជ្ញាខ្ពស់ក្នុងការជួយទៅដល់វិស័យអប់រំ និង បរិស្ថាន តាមរយៈការផ្សព្វផ្សាយលើបណ្ដាញសង្គមគ្រប់ប្រភេទ ដើម្បីធ្វើឱ្យមនុស្សយល់ដឹង និង ជួយរក្សាដល់ភពផែនដីដែលជាទីជម្រកដ៏ប្រសើរនៃមនុស្សជាតិ។
គេកត់សម្គាល់ឃើញថា Maria Luisa Varela ទទួលបានការស្រឡាញ់ពីមហាជនខ្មែរខ្លាំងណាស់ ក្នុងឆាកក្រកួតកាលពីរាត្រីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនៅសាលមហោស្របកោះពេជ្រ នាង Maria Luisa Varela បាននិយាយអរគុណដល់ប្រជាជនកម្ពុជាដែលទទួលស្វាគមន៍នាង និង បវរកញ្ញាប្រទេសផ្សេងៗដោយភាពកក់ក្តៅ។ ដ្បិតនាងមិនមែនជាជនជាតិខ្មែរមែនតែប្រជាជនកម្ពុជាស្រឡាញ់នាង ហើយនាងក៏ស្រឡាញ់ប្រជាជនកម្ពុជាវិញដែរ។
ដោយឡែក ក្រៅពីម្ចាស់មកុដបានទៅលើបវរកញ្ញាហ្វីលីពីនហើយ សម្រាប់លំដាប់រងទី ១ បានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេស Zimbabwe នាង Jemima Mandemwa លំដាប់រងទី ២ បានទៅលើបវរកញ្ញាសាច់សខ្ចីដូចបណ្ដូលចេក Japan នាង Aya Ono លំដាប់រងទី ៣ បានទៅលើស្រីស្អាតញញឹមស្រស់ Vietnam នាង Tiffany Ha លំដាប់រងទី ៤ បានទៅលើបវរកញ្ញាប៉ែកអឺរ៉ុប មកពីប្រទេស Finland នាង Katarina Juselius លំដាប់រងទី ៥ បានទៅលើស្រីស្រស់ប្រទេស Latvia នាង Alina Safronova និង លំដាប់រងទី ៦ បានទៅលើបវរកញ្ញាខ្មែរ កញ្ញា ពក ស្រីលក្ខ៕
ប្រភពរូបភាព៖ Pageantry News