នឹកគាត់ឬទេ? អ៊ុន សុផល អ្នកចម្រៀងភ្លេចការជាន់ដើម បាត់ពីសិល្បៈក្នុងស្រុកជាង ២០ ឆ្នាំ កំពុងរស់នៅអាមេរិកយ៉ាងមានក្តីសុខ
ប្រិយមិត្តអ្នកគាំទ្រជាច្រើនប្រហែលជាភ្លេចវត្តមានអតីតតារាច្រៀងជើងចាស់លោកស្រី អ៊ុន សុផល ជាក់ជាមិនខាន រយៈពេលជាង ២០ ឆ្នាំមកហើយ ដែលអតីតតារាចម្រៀងរូបនេះបានចាកចេញពីវិស័យសិល្បៈចម្រៀងក្នុងស្រុកទៅរស់នៅឯក្រៅប្រទេស។
ងាកត្រឡប់ទៅកាលជាង ២០ ឆ្នាំមុន តារាចម្រៀងជើងចាស់ និង មានឈ្មោះល្បីលោកស្រី អ៊ុន សុផល គឺជាតារាចម្រៀងមានប្រជាប្រិយភាព ដែលទាំងទម្រង់សម័យ និង បុរាណ ភ្លេងការជាដើម។ ក្នុងនោះដែរ បទល្បីៗរបស់លោកស្រី អ៊ុន សុផល ដែលល្បីល្បាញ និង នៅតែមានអ្នកគាំទ្រស្តាប់នាពេលបច្ចុប្បន្នដូចជា បទ «ស្នេហ៍មិនស្មោះ» បទ «ទឹកភ្នែកស្រីរាំបារ» បទ «ទឹកហូរ» បទ «ខ្ញុំស្រឡាញ់ប្តីគេ» បទ «ម្លប់ដូង» បទ «ប៉ុកពើត» បទ «កន្ទុំរុយ» បទ «តើនៅឯណាស្នេហ៍ខ្ញុំ» បទ «អនុស្សាវរីយ៍ស្ទឹងសែន» និង បទល្បីៗជាច្រើនទៀត ជាដើម ។
បច្ចុប្បន្ននេះ លោកស្រី អ៊ុន សុផល កំពុងប្រើជីវិតរស់នៅលើទឹកដីសហរដ្ឋអាមេរិក ហើយលោកស្រីក៏នៅតែប្រកបអាជីពសិល្បៈនេះដោយច្រៀងតាមភោជនីយដ្ឋាន និង រាល់មានការអញ្ជើញក្នុងកម្មវិធីមួយចំនួនផងដែរ។ ម្យ៉ាងវិញទៀត សព្វថ្ងៃលោកស្រីក៏មានស្វាមីរួចហើយដែរ។
កាលពីអំឡុងឆ្នាំ ២០២២ លោកស្រី អ៊ុន សុផល ក៏ធ្លាប់បានត្រឡប់មកលេងប្រទេសកម្ពុជាម្តងទៀតហើយដែរ ដោយកាលនោះលោកស្រីបាននាំស្វាមីដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាជាច្រើនកន្លែង រួមមានក្រុងព្រះសីហនុ និង ប្រាសាទអង្គរវត្តទៀតផង។
គួររំឭកថា លោកស្រី អ៊ុន សុផល គឺជាតារាចម្រៀងដ៏មានឈ្មោះល្បីម្នាក់ជំនាន់ទសវត្សរ៍ឆ្នាំ ៨០-៩០ ជាមួយអ្នកស្រី នូ ភិជ្ជរ៉ា ហៅ ៧ ហ៊ុន, លោកជំទាវ ហ៊ឹម ស៊ីវន, អ្នកស្រី ឆោម ឆវិន និង អ្នកស្រី សុខ សុខុម ជាដើម៕