អ្នកចូលចិត្តមើលឃើញខ្លួនឯងត្រឹមត្រូវគ្រប់រឿង អ្នកឧកញ៉ា គិត ម៉េង បង្ហាញទស្សនៈមួយ អានហើយអាចអភិវឌ្ឍខ្លួនបាន
មនុស្សមួយចំនួនអាងតែចេះដឹងខ្ពង់ខ្ពស់ បទពិសោធច្រើន តែងមើលឃើញខ្លួនឯងត្រឹមត្រូវគ្រប់រឿង គ្មានអ្នកណាចេះដូច ឬ យល់ដល់ពួកគេនោះទេ។ យ៉ាងណាមិញ ការប្រកាន់ខ្ជាប់ទស្សនៈល្អតែឯង ចេះតែឯង ត្រឹមត្រូវតែឯង វាមិនធ្វើឱ្យបុគ្គលនោះរីកចម្រើន និង មានទំនាក់ទំនងល្អឡើយ។ ជាក់ស្តែង តាមការបង្ហោះសារមួយរបស់ អ្នក ឧកញ៉ា គិត ម៉េង សេដ្ឋីវាល់លាននៅស្រុកខ្មែរ លោកបានបញ្ចេញមតិផ្ទាល់ខ្លួនទៅលើចំណុចនេះយ៉ាងសមហេតុផលផងដែរ។
លោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំប្រកាន់ខ្ជាប់នូវផ្នត់គំនិតក្នុងការគាំទ្រនូវរបៀបនៃការមើលថែខ្លួនឯង និង ការផ្តល់អាទិភាពទៅលើអ្វីៗដែលអ្នកជឿថាមានតម្លៃ និង សារសំខាន់នៅក្នុងរបៀបរស់នៅ និង ការងាររបស់អ្នក។ ទោះជាយ៉ាងណា ថ្ងៃនេះយើងស្វែងយល់អំពីគំនិតមួយទៀតដែលថា «ការយល់ឃើញខ្លួនឯងរបស់យើងមិនមែនសុទ្ធតែត្រឹមត្រូវ ឬ ពេញលេញនោះទេ ខណៈដែលយើងពឹងផ្អែកតែលើទស្សនៈផ្ទាល់ខ្លួនរបស់យើង។ តាមរយៈការបើកឱ្យមានមតិកែលម្អ ស្តាប់ទស្សនៈអ្នកដទៃ យើងអាចទទួលបានការយល់ដឹងដ៏មានតម្លៃដែលអាចជួយយើងឱ្យរីកចម្រើន អភិវឌ្ឍន៍ការយល់ដឹង និង ធ្វើឱ្យទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃប្រសើរឡើង»។
នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ពិតណាស់ថា របៀបនៃការយល់ឃើញដោយខ្លួនឯងរបស់យើងក៏ផ្អែកលើទស្សនៈរបស់អ្នកដទៃដែរ។ មិនថាជាពាក្យសរសើរធម្មតាមួយ ឬ ជាការក្រទ្បេកមើលអ្វីមួយដែលសំខាន់ ឬ ជាពេលវេលាដែលយើងនៅជាមួយគ្នានោះទេ សកម្មភាពទាំងនេះមានឥទ្ធិពលមកលើការយល់ឃើញដោយខ្លួនឯងរបស់យើង។ នៅពេលយើងស្វែងយល់អត្ថន័យនៃអត្តសញ្ញាណរបស់យើង យើងត្រូវរាយរាប់អំពីវប្បធម៌ ដែលដើរតួនាទីដ៏សំខាន់ក្នុងការជួយឱ្យយើងយល់ពីខ្លួនឯងកាន់តែច្បាស់ និង បង្ហាញថាយើងជានរណា។
វាប្រាកដណាស់ថា គំនិតដែលពិតជាមានឥទ្ធិពលមកលើយើងនោះគឺ «ការយល់ឃើញខ្លួនឯងរបស់យើង មិនមែនសុទ្ធតែត្រឹមត្រូវ ឬ ពេញលេញនោះទេ ខណៈដែលយើងពឹងផ្អែកតែលើទស្សនៈផ្ទាល់ខ្លួនរបស់យើង។ តាមរយៈការបើកឱ្យមានមតិកែលម្អ ស្តាប់ទស្សនៈផ្សេងៗ យើងអាចទទួលបានការយល់ដឹងដ៏មានតម្លៃ ដែលអាចជួយយើងឱ្យរីកចម្រើន អភិវឌ្ឍន៍ការយល់ដឹង និង ធ្វើឱ្យទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃប្រសើរឡើង»។ ទស្សនៈរបស់ខ្ញុំនោះគឺ សម្រិតសម្រាំងយកចំណុចវិជ្ជមានពីការវាយតម្លៃរបស់អ្នកដទៃ ហើយយើងនៅតែប្រកាន់យកការពិតដែលបង្ហាញពីគុណតម្លៃ គំនិត និង បុគ្គលិកលក្ខណៈរបស់ខ្លួនយើង។ ក្នុងបរិបទបែបនេះ យើងអាចរកឃើញនូវតុល្យភាពមួយត្រឹមត្រូវរវាងទស្សនៈអ្នកដទៃ និង ការពិតនៃគំនិត និង បុគ្គលិកលក្ខណៈរបស់យើង»៕