លើកនេះច្បាស់លាស់! Vill ត្រូវគូស្នេហ៍ថ្មីលុតជង្គង់បំពាក់ចិញ្ចៀនសុំរៀបការបំពេញមុខ នៅប្រទេសកាណាដា
តាំងពីចាប់ដៃគ្នាបង្កើតទំនាក់ទំនងស្នេហាមក តារាស្រី Vill Wannarot បានធ្វើឱ្យអ្នកគាំទ្រចាប់ក្រសែភ្នែកតាមដានមិនស្ទើរទេពីជីវិតស្នេហ៍របស់នាងជាមួយកំលោះ Mac Weerakaniz ហើយកន្លងមកក៏មានដំណឹងថាអ្នកទាំងពីរបានគិតគូររឿងរៀបការទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកគាំទ្រតារាស្រី Vill បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងត្រូវបានគូស្នេហ៍លុតជង្គង់សុំរៀបការ។ បើតាមការចុះផ្សាយរបស់វេបសាយ amarintv បានឱ្យដឹងថា កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាស្រី Vill Wannarot ត្រូវបានកំលោះសង្ហា Mac Weerakaniz ជាគូស្នេហ៍ថ្មីលុតជង្គង់បំពាក់ចិញ្ចៀនសុំនាងរៀបការនៅមាត់បឹងដ៏ល្បីមួយឈ្មោះ Moraine ក្នុងឧទ្យានជាតិ Banff នៃរដ្ឋអាល់ប៊ឺតា ប្រទេសកាណាដា។ ចំពោះទិដ្ឋភាពសុំរៀបការនោះ ត្រូវបានគេមើលឃើញមានបរិយាកាសរ៉ូមែនទិកបំផុត។
ជាមួយបរិយាកាសដ៏រ៉ូមែនទិកសុំតារាស្រី Vill រៀបការនោះ កំលោះ Mac Weerakaniz ក៏បានបង្ហោះរូបភាពនៃពេលវេលាដ៏ផ្អែមល្ហែមនោះ ភ្ជាប់ជាមួយសារថា ៖ «គូជីវិត នេះជាគូដណ្តឹងរបស់ខ្ញុំ ខ្ញុំមានភាពរីករាយណាស់ដែលមានអ្នកនៅក្បែរខ្ញុំ ហើយវានឹងនៅជារៀងរហូត ខ្ញុំសន្យា»។
ក្រោយឃើញ Vill ត្រូវបានកំលោះ Mac Weerakaniz លុតជង្គង់សុំរៀបការរួច មិត្តរួចជំនាន់ក្នុងវិស័យកម្សាន្ត និង អ្នកសិល្បៈជាច្រើន ព្រមទាំងអ្នកគាំទ្របានចូលរួមអបអរសាទរព្រោងព្រាត និង កំពុងរង់ចាំអ៊ុតមើលថ្ងៃពិសេសរបស់អ្នកទាំងពីរយ៉ាងខ្លាំងទៀតផង៕
ប្រភព ៖ amarintv