ជីងចក់ពណ៌ក្រហមចម្លែក នាំលាភឱ្យត្រូវឆ្នោតជាប់ៗគ្នា អ្នកភូមិជឿស្លុបនាំគ្នាចាក់តាមព្រាត
ថ្មីៗនេះ មហាជនថៃកំពុងតែចាប់អារម្មណ៍ទៅលើរឿងស្រ្តីម្នាក់ ដែលមានជីងចក់ចម្លែកពណ៌ឡើងក្រហមឆ្អៅ ហក់តោងខ្លួនជាប់មិនទៅណា ចុងក្រោយក៏យកចិញ្ចឹម ស្រាប់តែត្រូវឆ្នោតជាប់់ៗគ្នាមិនដាច់។
ស្រ្តីរូបនេះ មានវ័យ ៥៧ ឆ្នាំ ជាអ្នកខេត្តឆាក់ឈើសៅ បានឱ្យដឹងថា នៅថ្ងៃមួយខណៈដែលខ្លួនទើបតែនឹងងូតទឹកហើយ ក៏បានដើរទៅយកកន្សែងពោះគោនៅក្នុងទូខោអាវមកជូតខ្លួន ស្រាប់តែមានជីងចក់ពណ៌ក្រហមយ៉ាងចម្លែកហក់មកតោងនៅចង្កេះ។ ដំបូងឡើយខ្លួនស្មានថាវាជាជីងចក់ក្លែងក្លាយ ព្រោះមានពណ៌ក្រហមចម្លែក ក៏បានហៅកូនប្រសាមកមើល ទើបដឹងថាជាជីងចក់មែនទែន រួចក៏បានឱ្យកូនចាប់ដាក់ក្នុងដបទឹក និងចាប់សត្វល្អិតឱ្យវាស៊ីជាប្រចាំ។
យ៉ាងណាមិញ ជីងចក់មួយក្បាលនេះ បើទោះជាព្រលែងវាចោល វានៅតែរត់មកតោងខ្លួនស្រ្តីជាម្ចាស់វិញដដែល ហើយតាំងពីមានវាមក អ្នកផ្ទះនេះនាំគ្នាត្រូវឆ្នោត ៣ ដងមកហើយ។ ដោយឃើញថាវាសត្វនាំលាភដូច្នេះហើយ ទើបស្រ្តីរូបនេះ ព្យាយាមកាត់យកលេខឆ្នោតពីជីងចក់ខាងលើ ដើម្បីចែកមហាជនទាំងឡាយដែលមានជំនឿឱ្យបានមានសំណាងផងដែរ៕