Ron Ng ហែកកេរ្តិ៍ Raymond Lam ខ្ទេច រឿងទៅណាមកណាអត់ឆ្លុះកញ្ចក់មិនបាន
ជាការពិតណាស់ វាជារឿងធម្មតាទៅហើយ ដែលតារាប្រុសល្បីៗ តែងតែចូលចិត្តពិនិត្យមើលខ្លួនឯងក្នុងកញ្ចក់ ថារូបរាង និង មុខមាត់របស់ពួកគេរៀបរយស័ក្តិសមហើយឬនៅ។ ទោះជាយ៉ាងណា បើក្រឡេកមកមើលតារាប្រុសហុងកុង Raymond Lam ឯណេះវិញ ការចូលចិត្តឆ្លុះកញ្ចក់របស់លោកនេះ បែរជាមានភាពខុសប្លែកពីតារាដទៃគួរឱ្យភ្ញាក់ផ្អើលបំផុត។
ក្នុងភាគថ្មីមួយនៃកម្មវិធី «Call Me By Fire 2» តារាប្រុសហុងកុងដ៏ល្បី Ron Ng បានធ្វើការនិយាយហែកកេរ្តិ៍ខ្ទេចពីទម្លាប់របស់មិត្តសម្លាញ់លោក Raymond Lam ដែលជាប់ឈ្មោះជា «បិសាចកញ្ចក់»។
តាមសម្ដីរបស់តារាប្រុស Ron Ng បានទម្លាយថា ៖ «កញ្ចក់ គឺជាជីវិតរបស់គាត់។ វាល្អមែនពេលដែលយើងពិនិត្យមើលខ្លួនឯងឱ្យជាក់លាក់នោះ តែ Raymond អត់ទេ រូបគេតែងតែផ្អៀងផ្អងមើលខ្លួនឯងពីមុខកញ្ចក់រហូត សូម្បីតែនៅក្នុងហាងលក់ទំនិញ»។
និយាយរឿងបទពិសោធដែលលោកធ្លាប់ជួបប្រទះអំឡុងពេលបំពេញការងារជាមួយ Raymond កាលពីឆ្នាំ ២០០៤ Ron Ng បានទម្លាយទៀតថា ៖«ខ្ញុំចាកចេញពីបន្ទប់ ដើម្បីទៅធ្វើសក់ និង ផាត់មុខមុន ហើយស្រាប់តែពេលខ្ញុំធ្វើចប់រួចរាល់ និង ត្រឡប់មកបន្ទប់វិញ ខ្ញុំក៏ឃើញ Raymond ឈរសម្លក់កញ្ចក់ធ្មឹង មិនកម្រើកអីបន្តិចសោះ»។
ថ្លែងមកដល់ត្រង់នេះ Raymond ក៏បានចូលមកបកស្រាយថា ៖«ពេលនោះខ្ញុំកំពុងហាត់សមលេងទឹកមុខឱ្យត្រឹមត្រូវ ព្រោះថាពេលចូលថត គឺមិនមានអ្នកផាត់មុខណាមកជួយសម្រួលយើងនោះឡើយ ដូច្នេះហើយនេះជាអ្វីដែលអ្នកសម្ដែងត្រូវធ្វើ»។
ក្នុងនោះដែរ Raymond បានទម្លាយពីទម្លាប់អត់កញ្ចក់មិនបានរបស់លោកទៀតថា ៖«ពេលខ្លះ នៅពេលយើងចេញថតនៅតាមភោជនីយដ្ឋានអី គឺតែងតែមានកាំបិតហើយត្រូវទេ? ពេលនោះហើយដែលខ្ញុំប្រើប្រាស់ចំណាំងប្លាតពីកាំបិត ដើម្បីពិនិត្យមើលរូបរាងរបស់ខ្ញុំគ្រប់ជ្រុង ដើម្បីឱ្យប្រាកដថាសមគួរហើយ»៕