វាសនាមិនទៀត! ធ្លាប់ល្បីលើ Tiktok រកលុយបានខ្ជាក់ៗ ឥលូវធ្លាក់ខ្លួនដេកតាមផ្លូវ សូម្បីលុយទិញបាយសឹងគ្មាន
ថ្មីៗនេះ មហាជននៅតាមបណ្តាញសង្គមថៃ ពិតជាមានការភ្ញាក់ផ្អើលមិនតិចឡើយ ក្រោយពីបានឃើញសភាពរបស់តារា TikTok ល្បីម្នាក់ ដែលធ្លាក់ខ្លួនក្លាយជាមនុស្សតែលតោល សង់ខ្ទមដេកនៅសំយ៉ាបផ្លូវ ទាំងដែលធ្លាប់ជាមនុស្សមានបានជោគជ័យ។
តារា TikTok រូបនេះ មានឈ្មោះថា Winton ត្រូវបានគេស្គាល់ថាជាមនុស្សតស៊ូណាស់ ព្រោះតាំងពីដើមមកធ្លាប់រត់ម៉ូតូឌុប ហើយក៏វិវត្តខ្លួនក្លាយជាអ្នកបង្កើត Content នៅតាម TikTok បង្រៀនពីវិធីរកស៊ី វិធីឡាយវីដេអូ និង ការលើកទឹកចិត្តផ្សេងៗ ជាដើម រហូតដល់មានអ្នកស្គាល់ច្រើនក្លាយជាមនុស្សល្បី ព្រមទាំងអាចបើកបានរបរកស៊ីផ្ទាល់ខ្លួន មានចំណូលចូលមិនចេះតិច និង សល់ផ្ទះ សល់ឡានពីរបីគួរឱ្យសរសើរទៀតផង។
យ៉ាងណាមិញ ស្រាប់តែខែមេសា ឆ្នាំ ២០២៤ កន្លងទៅ Winton ក៏បានបាត់មុខពីបណ្តាញ TikTok ហើយមកដល់ខែមិថុនានេះ ស្រាប់តែគេបានប្រទះឃើញ Winton កំពុងតែដើរតែលតោលនៅតាមផ្លូវ ដោយមានខ្ទមតូចមួយសាងពីតង់គ្របបិទបាំងនៅតាមសំយ៉ាបផ្លូវធ្វើជាជម្រក។
មហាជនឃើញហើយ ពិតជាមិននឹកស្មានសោះ ព្រោះពេលនេះ Winton ផ្ទុយពីមុនស្រឡះ ពោលគឺធ្លាប់តែជាអ្នកមាន ស្លៀកពាក់ខោអាវស្អាតបាត តែឥឡូវស្លៀកខោអាវដាច់រយ៉ៃ ឯបាយក៏ពុំមានទទួលទានគ្រប់គ្រាន់ទៀត។ ដោយឡែក គេមិនបានទម្លាយមូលហេតុថាហេតុអ្វីបានជា Winton ធ្លាក់ខ្លួនដល់ថ្នាក់នេះនោះទេ។ ក្នុងនោះក៏នៅមានញាតិមិត្តមួយចំនួនអាណិត បាននាំគ្នាយកបាយយកទឹកទៅឱ្យហូបចុកផងដែរ៕