ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ សត្វឈ្លូស ត្រូវបានគេស្គាល់ថា ជាក្រុមប្រភេទមានដោយបង្គួរ អាចបន្លឺសំឡេងឮខ្លាំងរហូតដល់ ១ គីឡូម៉ែត្រឯណោះ ខណៈឈ្លូស ប្រភេទ Red muntjac នេះ ស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក។ វាមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍ រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។
បើតាមការសិក្សារបស់អ្នកជំនាញ ឈ្លូសប្រភេទនេះ អាចរស់នៅគ្រប់ប្រភេទព្រៃ ហើយវាអាចបន្លឺសំឡេងខ្លាំង និងតបតគ្នារហូតដល់រយៈពេល ១ ម៉ោង ប្រសិនបើវាជួបនូវគ្រោះអាសន្ន ហើយសំឡេងនេះអាចឮរហូតដល់ ១ គីឡូម៉ែត្រ។ ដោយឡែក ចំពោះចំណីរបស់វា មានដូចជាមែកឈើតូចៗ ពិសេសស្លឹករុក្ខជាតិ ផ្លែឈើដែលធ្លាក់ និង ដំណុះកូនឈើ។
នៅតំបន់ខ្លះ សត្វប្រភេទនេះ ធ្វើសកម្មភាព និងចេញរកចំណីនៅពេលថ្ងៃ ប៉ុន្តែវាអាចធ្វើសកម្មភាព និងរកចំណីពេញមួយយប់ ប្រសិនបើមានការរំខាន។ រដូវបន្តពូជរបស់សត្វប្រភេទនេះ ច្រើនប្រព្រឹត្តទៅនៅខែធ្នូ រហូតដល់ខែមករា និងផ្តល់កំណើតកូនមួយក្បាល ជួនកាលភ្លោះ ប៉ុន្តែកម្រមានណាស់។
បច្ចុប្បន្ន ក្រសួងបរិស្ថាន បាននឹងកំពុងសហការជាមួយអង្គការដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិ ពង្រឹងការអនុវត្តច្បាប់ និងបង្កើនកិច្ចការអភិរក្ស នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាសំណូមពរបញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់ ដោយស្នើរពលរដ្ឋងាកមកចូលរួមការពារនិងអភិរក្សជីវៈចម្រុះទាំងនេះ សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕
ប្រភព ៖ Neth Pheaktra