ចេះខ្ជិលអីតែមនុស្ស! សត្វ ៧ ប្រភេទនេះ សុទ្ធតែជាសត្វកំពូលខ្ជិលក្នុងលោក មិនចូលចិត្តធ្វើអ្វីក្រៅពីដេក
មិនមែនមានតែមនុស្សទេ ដែលមានភាពខ្ជិលច្រអូស សូម្បីតែសត្វក៏មានខ្ជិលដែរ ប៉ុន្តែសត្វខ្លះគឺខ្ជិលខុសពីធម្មតា ជួនកាលវាមិនធ្វើអ្វីសោះ គ្រាន់តែដេករយៈពេល ១០ ទៅ ១៨ ម៉ោងឯណោះក្នុងមួយថ្ងៃ។ យ៉ាងណាមិញ នៅក្នុងពិភពសត្វលើភពផែនដីនេះមានសត្វខ្ជិលច្រើនណាស់ សត្វខ្លះគ្រាន់តែក្រោកពីដេកមកស៊ីចំណី រួចក៏ទៅដេកទៅវិញ ហើយខាងក្រោមនេះគឺជាសត្វដែលល្បីខាងខ្ជិលបំផុតទាំង ៧ នៅលើពិភពលោក។
១. សត្វ Koala
មនុស្សជាច្រើនប្រហែលជាមិននឹកស្មានថា koalas ក្លាយជាសត្វដែលខ្ជិលជាងគេក្នុងពិភពលោក។ សត្វ Koala នេះជាសត្វស្លូតបូត សុភាពរាបសារ និង ស្មោះត្រង់ ប៉ុន្តែមានសកម្មភាពយឺត មិនថាពេលថ្ងៃ ឬ យប់នោះទេ ដរាបណាកូអាឡានៅលើដើមឈើ ពួកវាគ្រាន់តែអង្គុយលេង និង ដេកប៉ុណ្ណោះ ហើយរយៈពេលនៃការដេកប្រចាំថ្ងៃរបស់វាអាចឡើងដល់ ២២ ម៉ោង ចំពោះពេលដែលនៅសល់ប្រមាណជា ២ ទៅ ៤ ម៉ោង វាងើបមកស៊ីចំណី។
២. សត្វ Sloth
សត្វខ្ជិលមួយនេះ ត្រូវបានគេស្គាល់ថាជាសត្វដែលយឺតបំផុតក្នុងពិភពលោក ប៉ុន្តែវាមិនត្រឹមតែយឺតទេ វាថែមទាំងជាសត្វដែលខ្ជិលបំផុតមួយ ដែលចូលចិត្តដេករហូតដល់ ២០ ម៉ោងក្នុងមួយថ្ងៃ ហើយក្រៅពីដេក ពួកសត្វនេះចូលតោងតាមដើមឈើ ដោយចំណាយពេលរាប់ម៉ោងក្នុងការផ្លាស់ទី។
៣. សត្វ Opossum
សត្វ Opossum នេះត្រូវការដេកពី ១៨ ទៅ ២០ ម៉ោងជារៀងរាល់ថ្ងៃ ហើយវាចូលចិត្តផ្លាស់ទីយឺតៗ។
៤. សត្វដំរីទឹក
សត្វដំរីទឹក ក៏ជាខ្ជិលខ្លាំងណាស់ដែរ ដោយពួកវាដេក ១៦ ទៅ ២០ ម៉ោងក្នុងមួយថ្ងៃ ហើយការដេកនោះមិនត្រឹមតែដេកលើដីទេ ពួកសត្វនេះថែមទាំងចូលដេកក្នុងទឹកទៀតផង។ មិនតែប៉ុណ្ណោះសត្វនេះក៏ជាសត្វមួយដែលស៊ីច្រើន និង ប្រើពេលស៊ីចំណីក្នុងមួយថ្ងៃដល់ទៅ ៥ ម៉ោងឯណោះ។
៥. សត្វពស់ថ្លាន់
ពស់ថ្លាន់គឺជាសត្វដែលមានចលនាយឺតណាស់ ហើយជាធម្មតាពួកវាមិនធ្វើអ្វីទាំងអស់ ដោយគ្រាន់តែចំណាយពេលដេកក្នុងមួយថ្ងៃ ១៨ ម៉ោង ព្រមទាំងជាសត្វមួយងាយអស់កម្លាំង និង ជាមធ្យមវាស៊ីចំណីម្តងក្នុងមួយសប្តាហ៍ រួចបន្តដេកវិញ ក្រោយពីស៊ីចំណីហើយ។
៦. សត្វខ្លាឃ្មុំផេនដា
សត្វខ្លាឃ្មុំផេនដា ត្រូវបានគេស្គាល់ថាជាសត្វកំពូលខ្ជិល ប៉ុន្តែវាមិនដល់ខ្ជិលដល់សត្វ Koala ទេ ព្រោះក្នុងមួយថ្ងៃវាដេកតែ ១០ ម៉ោងទេ ហើយវាអាចដេកបានស្ទើរតែគ្រប់ទីកន្លែង រហូតដល់ពេលវាភ្ញាក់ពីដេក វាក៏ទៅស៊ីឫស្សីដល់ឆ្អែត រួចបន្តដេកវិញ។ គួរឱ្យដឹងដែរថា ពួកវាស៊ីឫស្សីក្នុងមួយថ្ងៃមិនក្រោម ២០ គីឡូទេ។
៧. សត្វឆ្មា
ក្នុងចំណោមសត្វខ្ជិលទាំងអស់ សត្វឆ្មាជាសត្វខ្ជិលមួយលំដាប់ទី ៧ ដោយវាដេកក្នុងមួយថ្ងៃ ១៦ ម៉ោង និង មិនសូវស៊ីអាហារទេ ហើយបើនៅក្នុងអាកាសធាតុក្តៅវិញ ពួកវាអាចដេកលើសពី ២០ ម៉ោងក្នុងមួយថ្ងៃ ដើម្បីការពារជំងឺដាច់សរសៃឈាមខួរក្បាល៕
ប្រភព ៖ All About Top 10