យុវជនញៀនលេងហ្គេមពេក រដ្ឋាភិបាលចិនចាត់វិធានការក្ដៅ កំណត់ចំនួនម៉ោងដែលក្មេងៗអាចលេង
សារព័ត៌មាន CNA បានចុះផ្សាយនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះថា ប្រទេសចិនបានធ្វើការដោះស្រាយបញ្ហានៃការញៀនវីដេអូហ្គេមរបស់យុវជន ដោយរដ្ឋាភិបាលបានកំណត់ចំនួនម៉ោងដែលក្មេងអាចលេងក្នុងមួយថ្ងៃ។
ប្រទេសចិន គឺជាទីផ្សារហ្គេមដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែចាប់តាំងពីខែកញ្ញាឆ្នាំ ២០២១ ក្មេងដែលអាយុក្រោម ១៨ ឆ្នាំត្រូវបានអនុញ្ញាតឱ្យលេងតាមអ៊ីនធឺណិតតែ នៅចន្លោះម៉ោង ៨ យប់ដល់ម៉ោង ៩ យប់តែប៉ុណ្ណោះ ហើយគឺនៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យក្នុងអំឡុងពេលម៉ោងសិក្សា។
ជាលទ្ធផលជាង ៧៥% នៃអនីតិជន គឺលេងហ្គេមតិចជាង ៣ ម៉ោងក្នុងមួយសប្តាហ៍ ហើយបញ្ហានេះត្រូវបានដោះស្រាយហើយ។ នេះបើយោងតាមរបាយការណ៍ ដោយគណៈកម្មាធិការឧស្សាហកម្មហ្គេម បានរាយការណ៍កាលពីថ្ងៃច័ន្ទ ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ។
ចំណែកឯ របាយការណ៍ផ្សេងទៀត បានលើកឡើងថា ប្រហែលជា ៩៨% នៃមនុស្សដែលមានអាយុពី ៩ ទៅ ១៩ ឆ្នាំនៅក្នុងប្រទេសចិន មានទូរស័ព្ទដៃ និង មានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល ១៨៦ លាននាក់ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ ហើយអ្នកលេងហ្គេម គឺតម្រូវឱ្យប្រើអត្តសញ្ញាណប័ណ្ណរបស់ពួកគេ នៅពេលចុះឈ្មោះលេងអនឡាញ ដើម្បីធានាថា ពួកគេមិនបានកុហក៕
ប្រភព៖ CNA