ចំណុចពិសេសទាំង ៥ យ៉ាងរបស់គ្រូបង្រៀន បើបានធ្វើប្ដី ឬប្រពន្ធទុកថាសំណាងខ្លាំង
គ្រប់ការងារទាំងអស់សុទ្ធតែមានចំណុចពិសេសរៀងៗខ្លួនទៅតាមចរិតលក្ខណៈ នៃប្រភេទការងារនីមួយៗ ។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសបំផុតរបស់គ្រូបង្រៀនដែលសមស្របទៅតាមចរិតលក្ខណៈរបស់គេ ។ ដូច្នេះចង់ដឹងថា មានចំណុចពិសេសអ្វីខ្លះ សូមមកដឹងទាំងអស់គ្នា ៖
១. មានការអប់រំល្អដល់កូនៗ
ពាក្យថាគ្រូបង្រៀនមួយម៉ាត់ គឺពិតជាមានអត្ថន័យយ៉ាងគ្រប់គ្រាន់ដែលបញ្ជាក់ថាជាបុគ្គលម្នាក់ដែលផ្ទេររាល់ចំណេះដឹងរបស់ខ្លួនតាមរយៈភារកិច្ចរបស់ខ្លួនទៅដល់មនុស្សគ្រប់គ្នា ឲ្យក្លាយជាបុគ្គលដ៏ល្អក្នុងសង្គម មានចំណេះដឹងអាចរកប្រាក់ចិញ្ចឹមជីវិបាន ។ ដូច្នេះពេលដែលគេមានកូនគេនឹងក្លាយជាឪពុកផង ជាគ្រូដែលមានក្របខណ្ឌផង ដែលអាចអប់រំកូនបានយ៉ាងល្អ ហើយជាគំរូល្អដល់កូនៗ ។ គេតែងចំណាំថាកូនដែលមានឪពុក ឬ ម្ដាយជាគ្រូបង្រៀនតែងតែរៀនពូកែណាស់ ។
២. មានក្ដីស្រលាញ់ច្រើន
ជាគ្រូបង្រៀនម្នាក់លុះត្រាមានក្ដីស្រឡាញ់ច្រើន មានមនោសញ្ចេតនាខ្ពស់ ទើបអាចក្លាយជាគ្រូបង្រៀនដ៏ល្អម្នាក់ ។ ដោយសារគេមានក្ដីស្រឡាញ់ និង មនោសញ្ចេតនាប្លែកពីអ្នកដទៃ ទើបគេមាននិស្ស័យផ្នែកអប់រំនេះ ព្រោះជាគ្រូបង្រៀនម្នាក់ត្រូវជួបមនុស្សជាច្រើន ដែលមានអត្តចរិតខុសៗគ្នា ។ ប្រសិនបើនារីណាបានស្វាមីជាគ្រូបង្រៀនចាត់ទុកថាសំណាងណាស់ ព្រោះដោយសារតែក្ដីស្រឡាញ់ក្នុងខ្លួនគេមានច្រើនលើសលប់ គេតែងតែធ្វើឲ្យអ្នកសើចច្រើនជាងយំ ។
៣. ចេះប្រើពាក្យពីរោះៗដាក់ប្ដី ឬប្រពន្ធ
ពាក្យសម្ដីពីរោះ គឺកើតចេញពីក្ដីស្រឡាញ់ដ៏ច្រើនលើសលប់របស់គេនេះហើយ ។ ការបង្រៀន គេត្រូវប្រើពាក្យដែលមានសីលធម៌ សេចក្ដីថ្លៃថ្នូរស្ទើរតែគ្រប់ពាក្យគ្រប់ម៉ាត់ទៅកាន់កូនសិស្ស។ ដូច្នេះរឿងអីគេមិនចេះប្រើពាក្យពីរោះៗទៅកាន់មនុស្សជាទីស្រឡាញ់របស់គេបាន ។ ចំណុចនេះមិនមែនមានន័យថា ប្រើពាក្យផ្អែមល្ហែមដូចគូស្នេហ៍ក្នុងប្រលោមលោកនោះទេ តែសំដៅទៅលើការនិយាយស្ដីដែលចេះគោរព មានសីលធម៌ ។
៤. មានមូលដ្ឋានគ្រឹះដោះស្រាយបញ្ហាដោយសន្តិវិធី
ត្រង់ចំណុចនេះសំដៅថា ពេលមានបញ្ហាកើតឡើងក្នុងគ្រួសារ គេជាមនុស្សម្នាក់ដែលចេះបត់ បែនទៅតាមកាលៈទេសៈ និង រកដំណោះស្រាយយ៉ាងល្អ ក្រៅពីការបង្កជម្លោះជាពាក្យសម្ដី ឬការប្រើអំពើហិង្សា ។ គេជាមនុស្សម្នាក់ដែលមានមនោសញ្ចេតនាច្រើន ពោរពេញដោយក្ដី ស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួន បែបនេះហើយទើបគេកម្រនឹងបង្កជម្លោះណាស់ ។
៥. កិត្តិយស និងសេចក្ដីថ្លៃថ្នូរ
ចំពោះចំណុចនេះវិញមិនមែនមានន័យថា ការងារផ្សេងក្រៅពីគ្រូបង្រៀនមិនមែនកិត្តិយស និង សេចក្ដីថ្លៃថ្នូរនោះទេ តែគ្រូបង្រៀនមានលក្ខណៈពិសេសម្យ៉ាងពីការងារដទៃ ។ លក្ខណៈ ពិសេសនោះត្រង់ថា គ្រប់បុគ្គលទាំងអស់មានការងារធ្វើ មានអនាគតល្អ និង ជាធនធានមនុស្សសម្រាប់ប្រទេសជាតិ គឺកើតចេញពីគ្រូបង្រៀន ។ គ្រូបង្រៀនមិនអាចក្លាយជាមហាសេដ្ឋីបានទេ តែគ្រូបង្រៀនអាចធ្វើឲ្យបុគ្គលធម្មតាម្នាក់ក្លាយជាមហាសេដ្ឋីបាន ៕