អាយុទើប ១៦ ឆ្នាំ មួយថ្ងៃៗដេកលេងតែហ្គេមទូរស័ព្ទ រហូតខូចឆ្អឹងខ្នងប៊ិះនឹងពិការមួយកំណាត់ខ្លួន
ថ្មីៗនេះ មានរឿងរ៉ាវរបស់ក្មេងប្រុសជនជាតិចិនអាយុ ១៦ ឆ្នាំម្នាក់ ដែលមួយថ្ងៃៗដេកលេងតែទូរស័ព្ទមិនខ្ចីងើប មានអីចុងក្រោយត្រូវខូចឆ្អឹងខ្នងទាំងវ័យក្មេង ថែមទាំងប៊ិះនឹងពិការមួយកំណាត់ខ្លួនទៀត។
តាមសមាជិកគ្រួសាររបស់ក្មេងប្រុសខាងលើបានឱ្យដឹងថា ដំបូងឡើយកូនប្រុសរបស់ខ្លួនបានមានអាការឈឺកញ្ជឹងក និង ចុកស្មា ខ្លួនក៏បានឱ្យថ្នាំទៅលេប ព្រោះគិតថាកូនឈឺព្រោះតែអង្គុយរៀនច្រើនពេក ប៉ុន្តែក្រោយមកអាការរបស់គេក៏កាន់តែធ្ងន់ធ្ងរទៅជារឿយៗ។ រហូតដល់ថ្ងៃមួយ កូនប្រុសមិនអាចងើបពីគ្រែដេកបានឡើយ ព្រោះឈឺខ្នងខ្លាំង និង មានអារម្មណ៍ថាស្ពឹកមួយកំណាត់ក្រោម ថែមទាំងមិនអាចទប់នោមបានទៀត។
យ៉ាងណាមិញ ខាងក្រុមគ្រួសារក៏បានប្រញាប់បញ្ជូនក្មេងប្រុសរូបនេះទៅកាន់មន្ទីរពេទ្យ ដោយគ្រូពេទ្យបានឱ្យដឹងថាគេមានការខូចឌីសចង្កេះធ្ងន់ធ្ងរ ថែមទាំងរាលដាលប៉ះពាល់ទៅកាន់ឆ្អឹងខ្នង និង ប្រព័ន្ធប្រសាទ ដោយក្នុងនោះឆ្អឹងខ្នងរបស់គេមានការវៀចជាខ្លាំង ដែលធ្វើឱ្យកៀបទៅនឹងសរសៃប្រសាទឆ្អឹងខ្នង។ គ្រូពេទ្យបានធ្វើការវះកាត់ឱ្យក្មេងប្រុសខាងលើ ជាសំណាងល្អការវះកាត់ក៏បានសម្រេច ហើយគេក៏ត្រូវធ្វើការព្យាបាលចលនាបន្តទៀយផងដែរ។
ដោយឡែក គ្រូពេទ្យបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតអាការទាំងនេះ គឺបណ្តាលមកពីការលេងទូរស័ព្ទជាច្រើនម៉ោង ដោយអង្គុយផ្អែកខ្លួនទៅសាឡុង ហើយមិនបានផ្លាស់ប្តូរកាយវិការឱ្យបានញឹកញាប់៕