កូនប្រុសទើប ១ ឆ្នាំ ឈុន រក្សា និយាយផ្ដាំកូនយ៉ាងចាក់ដោត បើពេលកូនធំឡើងមានអ្នកប្រាប់ពីអតីតកាលម្តាយ
គិតមកដល់ពេលនេះ មានរយៈពេល ១ ឆ្នាំហើយ ដែលបវរកញ្ញាជ័យលាភីរងទី ១ នៃកម្មវិធីប្រកួតសម្រស់ Miss Universe Cambodia 2020 ឈុន រក្សា បានផ្ដល់កំណើតឱ្យកូនប្រុសដំបូង ដោយនាងបានក្លាយជាម្ដាយយ៉ាងពេញលេញនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ។
ខណៈកូនប្រុសឈ្មោះ រក្សា ស័ក្ដិ មានអាយុ ១ ឆ្នាំ ឈុន រក្សា ក៏បានរៀបចំពិធីជប់លៀងខួបកំណើតធំដុំសមល្មម ដោយមានអញ្ជើញក្រុមគ្រួសារ និង មិត្តភក្ដិជិតដិតក្នុងសិល្បៈមួយចំនួនចូលរួមកម្មវិធីឱ្យកាន់តែសប្បាយរីករាយ។ ដ្បិតថាពេលនេះ កូនប្រុសហាក់ធំធាត់ឡើងបន្តិចម្ដងក្ដី ប៉ុន្ដែចាប់តាំងពីទម្ងន់រហូតមកដល់ពេលនេះ ឈុន រក្សា លាក់ជីវិតឯកជនជិតឈឹង មិនទាន់បង្ហាញមុខឪពុករបស់កូនប្រុសឱ្យអ្នកគាំទ្របានស្គាល់នៅឡើយ។
រហូតមកដល់ចប់កម្មវិធី នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ នេះ អ្នកម៉ាក់អភិជន ឈុន រក្សា បានបង្ហោះរូបភាពជាមួយកូនប្រុសបណ្ដូលចិត្ត ហើយនិយាយផ្ដាំកូនយ៉ាងមានអត្ថន័យថា ៖ «ចាំទុកណាកូនប្រុស ពេលកូនធំដឹងក្តី ថ្ងែណាមួយបើមានអ្នកណានិយាយរឿងអតីតរបស់ម៉ែឱ្យកូនស្តាប់ ប្រាកដណាស់កូននឹងមានអារម្មណ៍ខកចិត្តលើខ្លួនម៉ែ «ម៉ែ» ក៏មិនមានអារម្មណ៍តូចចិត្ដអ្វីទាំងអស់ តែសុំឱ្យកូនដឹងថា មនុស្សស្រីមិនល្អម្នាក់នេះបានប្រគល់ពិភពលោកនេះទាំងមូលឱ្យទៅកូន ហើយនៅតែស្រឡាញ់ និង មានបំណងល្អដល់កូនជានិច្ច… ថ្ងៃដែលកូនដួល ថ្ងៃដែលកូនត្រូវគេធ្វើបាប និង ថ្ងែដែលកូនត្រូវការជំនួយ ម៉ែម្នាក់នេះនឹងនៅទីនេះព្រមឈឺជំនួសកូនបានគ្រប់ពេល Raksa Sak»៕