ការងារប្រើបេះដូង! សុគន្ធ ថេរ៉ាយុ និង មិត្តរួមក្រុមសម្ដែងបានយ៉ាងល្អ ទាំងកំពុងភ្លៀងធ្លាក់ខ្ជាកៗ
ភាពអស្ចារ្យនៃផ្ទាំងទស្សនីយភាពក្នុងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធឡើងយ៉ាងរំភើប និង ដោយរលូននៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ។
រឿងដែលគួរឱ្យសរសើរ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្ជាកៗ ស្រាប់តែដល់ពេលវេលាដែលតារាចម្រៀងក្នុងផលិតកម្មថោនត្រូវចេញសម្ដែង។ តែទោះបីមានភ្លៀងធ្លាក់យ៉ាងណាក៏មិនមែនជាឧបសគ្គឡើយ ដោយសិល្បករ សិល្បការិនីនៃផលិតកម្មថោន បាននាំគ្នាច្រៀង-សម្ដែងបទ «សាស្រ្តយុទ្ធគុន» បានយ៉ាងរស់រវើក ធ្វើឱ្យអ្នកទស្សនាបន្លឺសំឡេងហ៊ោលាន់រំពងពេញពហុកីឡដ្ឋានជាតិមោរតកតេជោ។
ក្រោយសម្ដែងចប់ សុគន្ធ ថេរ៉ាយុ ដែលជាតួអង្គសំខាន់ក្នុងការសម្ដែងបទចម្រៀងខាងលើ ក៏បានបង្ហោះសារទាំងមោទកភាពលើគណនីហ្វេសប៊ុកថា ៖ «អរគុណក្រុមការងារទាំងអស់សម្រាប់ការប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយនេះ ទោះភ្លៀងខ្លាំងយ៉ាងណាក៏មិនមែនជាឧបសគ្គសម្រាប់ពួកយើង ព្រោះការងារនេះជាការងារដែលប្រើបេះដូងមកធ្វើ»៕
រូបភាព៖ Phann Photography