ស្ងប់ស្ងាត់មួយវឹប ស៊ូ ស៊ីរីកា វិលកាន់កាប់អាជីពចម្រៀងវិញ ហើយឥលូវក្លាយជាថៅកែហាងមួយទាំងវ័យក្មេងទៀត
មហាជនអ្នកគាំទ្រតារាចម្រៀង ស៊ូ ស៊ីរីកា ច្បាស់ជាបានជ្រាបហើយថា ក្រោយពីបានបញ្ចប់កុងត្រាក្នុងផលិតកម្មថោន តារាចម្រៀងស្រីរូបនេះក៏បានលេចវត្តមានក្នុងផលិតកម្មបារមី និង ចេញបទចម្រៀងបានចំនួន ២ បទ។
ក្រោយជ្រកក្រោមទ្រនំផលិតកម្មខាងលើបានមួយរយៈ តារាចម្រៀងស្រី ស៊ូ ស៊ីរីកា ក៏បានក្លាយទៅជាតារាចម្រៀងឯករាជ្យវិញ និង បានចេញចម្រៀងផ្ទាល់ខ្លួនមួយបទកាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២៤ មុននឹងស្ងប់ស្ងាត់វិញជាថ្មី។ ក្នុងនោះ យូរៗម្តងទើបគេបានឃើញវត្តមាននាងបង្ហាញខ្លួនលើឆាកតន្ត្រី។
យ៉ាងណាមិញ ការស្ងប់ស្ងាត់លើវិថីសិល្បៈប្រមាណជាជិតកន្លះឆ្នាំ ថ្មីៗនេះ កញ្ញា ស៊ូ ស៊ីរីកា បានបង្ហាញវត្តមានលើឆាកតន្ត្រីជាថ្មីហើយ។ លើសពីនោះ នាងក៏ទើបតែចេញចម្រៀងថ្មីទទួលបានការគាំទ្រ ដោយមានចំណងជើងថា «ស្អែកលែងអីហើយ»។
ក្នុងនោះដែរ ការវិលត្រឡប់មកកាន់សិល្បៈនេះដែរ កញ្ញា ស៊ូ ស៊ីរីកា ក៏កំពុងតែមមាញឹកក្នុងរបររកស៊ីថ្មីរបស់ខ្លួនដូចគ្នា ដោយបច្ចុប្បន្ននាងបានបើកហាងលក់សម្លៀកបំពាក់ខ្លួនឯង៕