ប្រធានបទក្ដៅគគុក! Charlie Puth បង្ហោះសារមួយហើយលុបវិញ សង្ស័យឌឺដងឱ្យ Selena
អ្នកគាំទ្ររបស់តារាចម្រៀង Selena Gomez ហាក់បង្ហាញការខឹងសម្បារ ខណៈឃើញការបង្ហោះមួយរបស់តារាចម្រៀង Chalie Puth ហាក់បង្ហាញការឌឺដងទៅកាន់តារាស្រី Selena មុនសារមួយនោះត្រូវបានលុបចោលវិញភ្លាមៗ។
មហាជនអ្នកគាំទ្រមួយចំនួន បានគិតថារឿងរ៉ាវទំនាស់ដែលកើតមានឡើងលើតារាស្រី Selena Gomez បានបញ្ចប់ និង ស្ងប់ស្ងាត់ទៅហើយ ប៉ុន្តែថ្មីៗនេះ បែរជាកើតមានរឿងដ៏ក្ដៅគគុកមួយទៀតកើតមានឡើង ខណៈតារាចម្រៀង Chalie Puth បានធ្វើការបង្ហោះសារខ្លីមួយ ធ្វើឱ្យអ្នកគាំទ្រតារាចម្រៀង Selena ហាក់មិនស្រណុកចិត្ត។
កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ម្ចាស់បទ «See You Again» រូបនេះ បានធ្វើការបង្ហោះសារលើបណ្ដាញសង្គម Twitter ដោយសារមួយនោះ លោកបានសរសេររៀបរាប់ថា៖ «ចំណាប់អារម្មណ៍ ជាអ្វីដែលអ្នកតែងតែគិតដល់»។
បង្ហោះមិនទាន់បានប៉ុន្មានផង សារមួយនោះក៏ត្រូវបាន Chalie Puth លុបចោលវិញភ្លាមៗ ប៉ុន្តែអ្នកគាំទ្រនៅតែចាប់បាន និង បង្ហាញការមិនពេញចិត្តខ្លាំងចំពោះតារាចម្រៀងប្រុសរូបនេះ ដោយអ្នកខ្លះលើកឡើងថា៖ «អ្នកទាំងអស់គ្នាឃើញអ្វីដែលគេធ្វើទេ?» «តើ Chalie កំពុងបញ្ជាក់ច្បាស់ពីអ្វីដែលពួកយើងកំពុងសង្ស័យមែនទេ? បទ “Attention” ហ្នឹងច្រៀងពី Selena ពិតមែន?»៕