ភ្លើងគប់កីឡាស៊ីហ្គេម បានទៅដល់ទីក្រុង Tagaytay ប្រទេសហ្វីលីពីនហើយ ជាមួយពិធីដង្ហែយ៉ាងហ៊ឹកហ៊ាក់
នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ នេះ យោងតាមតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះពីទិដ្ឋភាពក្បួនដង្ហែព្រះអគ្គីជ័យកីឡា និង ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅទីក្រុង Tagaytay នៃប្រទេសហ្វីលីពីន ដែលបានចាប់ផ្តើមជាផ្លូវការ និង បានបញ្ចប់ទៅដោយរលូន ដោយមាននិស្សិតខ្មែរ និង កីឡាករ-កីឡាការិនីហ្វីលីពីន ចូលរួមរត់ដង្ហែប្រមាណ ៤០០ នាក់ ព្រមទាំងទទួលបានការសាទរយ៉ាងច្រើនកុះករពីពលរដ្ឋហ្វីលីពីន នៅតាមដងផ្លូវ។
គួរបញ្ជាក់ដែរថា ពិធីដង្ហែនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាបេសកជនពិសេសតំណាង CAMSOC និង ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន លោក Abraham Tolentino ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន និង ជាអភិបាលក្រុង Tagaytay លោក Michael Barredo ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីន រួមទាំងភ្ញៀវកិត្តិយសនៃបណ្តាប្រទេសអាស៊ានជាច្រើនរូបទៀត៕