ត្រីមាសទី ២ ដល់ពេលម៉ាក់ៗបង្កើនថាមពល និង សារធាតុចិញ្ចឹមបន្ថែមសម្រាប់ប៉ះប៉ូវក្រោយចាញ់កូនច្រើនសប្តាហ៍
ជាច្រើនសប្តាហ៍កន្លងទៅ ម៉ាក់ៗប្រាកដជានឿយហត់ណាស់ទៅហើយជាមួយអាការចាញ់កូន។ ឥឡូវនេះឈានមកដល់ត្រីមាសទី ២ ដល់ពេលដែលត្រូវប៉ះបូវមកវិញ ដោយទទួលទានអាហារណាដែលបង្កើនថាមពល ក៏ដូចជាផ្តល់សារធាតុចិញ្ចឹមដល់រាងកាយ។
ជាមធ្យមថាមពលដែលស្ត្រីត្រូវការប្រចាំថ្ងៃគឺ ២២០០ កាឡូរី។ ដូច្នេះសម្រាប់ស្ត្រីមានផ្ទៃនៅត្រីមាសទី ២ មានតម្រូវការកាឡូរីបន្ថែម ៣៦០ ទៀតក្នុងមួយថ្ងៃ។ សរុបមកស្ត្រីពពោះនៅអំឡុងត្រីមាសទី ២ ត្រូវការថាមពលបំពេញរាងកាយ ២៥៦០ កាឡូរីក្នុងមួយថ្ងៃ។ ការផ្តល់កាឡូរីគ្រប់គ្រាន់នៅអំឡុងពពោះអាចជួយឱ្យការឡើងទម្ងន់មានតុល្យភាពល្អ។
កម្រិតឡើងទម្ងន់របស់ស្ត្រីរាប់តាំងពីមុនពេលមានផ្ទៃពោះ គប្បីរក្សាការឡើងត្រឹម ០,៤ គីឡូក្នុងមួយសប្តាហ៍ ហើយរក្សាការឡើងត្រឹមកម្រិតនេះឱ្យជាប់រហូតដល់ត្រីមាសទី ២ និងត្រីមាសទី ៣។ សម្រាប់ស្ត្រីស្ទើរទម្ងន់អាចរក្សាការឡើង ០,៥ គីឡូក្នុងមួយសប្តាហ៍ ចំណែកស្ត្រីលើសទម្ងន់គួរឡើងត្រឹមតែ ០,៣ គីឡូក្នុងមួយសប្តាហ៍។
ចំពោះសារធាតុចិញ្ចឹមវិញក្នុងនោះរួមមាន៖
១.ប្រូតេអ៊ីន៖ វាមានសារៈសំខាន់សម្រាប់ការលូតលាស់សុក និងគភ៌ រួមទាំងជាលិការាងកាយរបស់ម្តាយ។ ស្ត្រីកំពុងពពោះគួរតែបង្កើនការបរិភោគអាហារដែលផ្ទុកប្រូតេអ៊ីនខ្ពស់ដូចជា សាច់ សាច់ត្រី ស៊ុត ទឹកដោះគោ និងគ្រាប់ផ្លែឈើ។
២. ខ្លាញ់ល្អ៖ ខ្លាញ់នេះវាជួយបណ្តុះភ្នាសកោសិកា និងប្រព័ន្ធសរសៃប្រសាទរបស់ទារក។ ទន្ទឹមគ្នានេះ វាផ្តល់ថាមពល និងជំរុញឱ្យរាងកាយស្ត្រីស្រូបយកខ្លាញ់ល្អដែលប្រមូលផ្តុំទៅដោយវីតាមីន។ ស្ត្រីពពោះអាចទទួលទានអាហារដែលផ្ទុកខ្លាញ់ល្អ ដូចជាខ្លាញ់សត្វ ប្រេងដូង ប្រេងសណ្តែក ប្រេងល្ង និងប្រេងត្រីជាដើម។
៣. ជាតិហ្វៃប័រ៖ ស្ត្រីពពោះមានតម្រូវការជាតិហ្វៃប័រឬកាកសរសៃពីអាហារដូចជា គ្រាប់ធញ្ញជាតិ ដំឡូងជ្វា ផ្លែឈើ បន្លែបៃតង និងសំខាន់ផងនោះត្រូវផឹកទឹកឱ្យបានច្រើន ដើម្បីកាត់បន្ថយកប្រឈមទល់លាមក និង ជំងឺឫសដូងបាត៕
ប្រភព៖ VINMEC