ចិនបង្កើតឧបករណ៍ទំនើប អាចឱ្យគូស្នេហ៍ថើបគ្នាពីចម្ងាយ មានអារម្មណ៍ពិតដូចថើបគ្នាផ្ទាល់
ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅប្រទេសចិន បានកើតគំនិតច្នៃប្រឌិតថ្មី និង មិនធ្លាប់មានមួយ ដែលអាចឱ្យគូស្នេហ៍ដែលរស់នៅឆ្ងាយគ្នា ឆ្លងដែន ឆ្លងវេហា អាចថើបគ្នាបាន ប្រៀបបីដូចជានៅទល់មុខគ្នាផ្ទាល់។
ឧបករណ៍ថើបដែលហៅឈ្មោះថា «Remote Kiss» កំពុងដាក់លក់លើវិបសាយលក់ទំនិញអនឡាញ Taobao សម្រាប់ផ្ដល់ជាការងាយស្រួលដល់គូស្នេហ៍ដែលនៅឆ្ងាយគ្នា អាចថើបគ្នាបាន រាល់ពេលដែលពួកគេនឹកគ្នាម្ដងៗ។
បើតាមការចេញផ្សាយរបស់កាសែតចិន Global Times បានឱ្យដឹងថា ឧបករណ៍ទំនើបថ្មីមួយគ្រឿងនេះ បានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន Changzhou Vocational Institute of Mechatronic Technology។ តាមការបញ្ជាក់របស់លោក Jiang Zhongli ប្រធានផ្នែកផលិតឧបករណ៍ថើបនេះ បាននិយាយថា លោកខ្លួនឯងផ្ទាល់ គឺមានគូស្នេហ៍ដែលនៅឆ្ងាយគ្នា ទើបបណ្ដាលឱ្យលោកកើតគំនិតបង្កើតឧបករណ៍នេះឡើង។
គួរឱ្យដឹងថា ឧបករណ៍ «Remote Kiss» គឺមានបំពាក់មកជាមួយឧបករណ៍ចាប់សម្ពាធ និង ឧបករណ៍ចាប់សញ្ញាត្រាប់តាមការថើប ដោយចម្លងនៅសម្ពាធ ចលនា រួមទាំងសីតុណ្ហភាពនៃបបូរមាត់មនុស្សពិតៗ ប្រៀបដូចការថើបផ្ទាល់តែម្ដង។ ឧបករណ៍ថើបនេះដែរ គឺដំណើរការតាមកម្មវិធីលើទូរស័ព្ទ រួមនឹងការដោតភ្ជាប់ទូរស័ព្ទទៅនឹងឧបករណ៍៕