ពពោះត្រីមាសទី ២ មានសញ្ញាប្រែប្រួលគួរឱ្យបារម្ភ អ្នកជំនាញប្រាប់លម្អិត និងរបៀបដោះស្រាយ
ជាទូទៅនៅត្រីមាសទី ២ អ្នកម្តាយពពោះភាគច្រើននឹងមានអារម្មណ៍ធូរស្រាលជាងត្រីមាសទី ១ ជាក់ស្តែង ដូចជាការធូរស្រាលពីអាការក្អួតចង្អោរ ឬយើងហៅថាអាការចាញ់កូន។ ខណៈកូនចាប់ផ្តើមលូតលាស់ និង អភិវឌ្ឍន៍ ស្ត្រីជាម្តាយក៏នឹងមានអារម្មណ៍ចាប់ផ្តើមផ្លាស់ប្តូររាងកាយផងដែរ។
នៅអំឡុងត្រីមាសទី ២ ពេលទារកក្នុងផ្ទៃលូតលាស់ ស្ត្រីជាម្តាយអាចមានសញ្ញាប្រែប្រួលគួរឱ្យកត់សម្គាល់ដូចជា៖ ប្រអប់ដៃស្ពឹក ញ័រ ឬខ្សោយ, ឡើងស្នាមឆ្នូតពីផ្ចិតចុះទៅតំបន់សម្ងាត់, ឡើងស្នាមជាំនៅលើស្បែកមុខ, ចុករោយចង្កេះទាំងផ្នែកខាងមុខ និង ខាងក្រោយ, ក្បាលសុដន់ឡើងក្រមៅ, ឡើងសង្វារនៅតំបន់សុដន់ ផ្ទៃពោះ កំប៉េះគូទ និង ភ្លៅ។
ខណៈសញ្ញាមួយចំនួនបង្កការចុករោយ និង ស្នាមនៅលើស្បែក ស្ត្រីពពោះអាចធ្វើការដោះស្រាយដោយខ្លួនឯងផងដែរ។ ប៉ុន្តែគួរចំណាំថា វិធីដោះស្រាយទាំងនេះចាំបាច់ធ្វើឡើងបន្ទាប់ពីបានប្រឹក្សា និង ត្រួតពិនិត្យសុខភាពដោយអ្នកជំនាញ។
សម្រាប់អាការចុករោយចង្កេះ អ្នកអាចដោះស្រាយតាមរយៈការធ្វើលំហាត់ប្រាណដែលត្រូវបានណែនាំដោយអ្នកជំនាញ។ ក្នុងនោះមានការជួយសម្រួលបន្ថែម ដោយការប្រើខ្សែក្រវាត់សម្រាប់ទប់ឆ្អឹងខ្នង និង ការម៉ាស្សាដោយអ្នកជំនាញ។ ចំពោះការស្ពឹក ញ័រ ឬ ខ្សោយប្រអប់ដៃ អ្នកអាចសម្រាក ឬយកទឹកកកមកស្អំ ឬមួយលើកដៃឡើងទៅលើឱ្យខ្ពស់។ ដោយឡែក ការឡើងសង្វារវិញ ប្រសិនបើប្រើ ជែល គ្រីម ឬឡេ អ្នកគួរតែប្រញាប់ប្រើវាឱ្យបានឆាប់បំផុត ហើយពេលលាបត្រូវធ្វើការម៉ាស្សាថ្នមៗរហូតជ្រាបចូលស្បែកបានល្អ។ ផលិតផលលាបសង្វារ ចាំបាច់ជ្រើសរើសប្រភេទប្រើបានប្រចាំថ្ងៃ និង មានគុណភាពខ្ពស់។
ការធ្វើលំហាត់ប្រាណ និង បរិភោគអាហារសុខភាពល្អ គឺផ្នែកមួយដ៏សំខាន់នៅអំឡុងត្រីមាសទី ២ និង រហូតដល់ពេលសម្រាល។ ដូច្នេះរក្សាការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ តែមិនត្រូវបង្ខំខ្លួនហាត់រហូតខ្សោះថាមពលឡើយ។ ច្បាប់មួយដែលអ្នកគួរប្រកាន់ខ្ជាប់ អ្នកគួរធ្វើលំហាត់ប្រាណដោយគ្មានការសន្ទនាឬនិយាយ ដោយផ្តោតតែចលនា និង ការដកដង្ហើមចេញចូលឱ្យបានល្អ។ លើសពីនេះ តែងតែប្រឹក្សាជាមួយគ្រូពេទ្យចំពោះលំហាត់ប្រាណដែលស័ក្តិសមពីមួយត្រីមាសទៅមួយត្រីមាស។ គប្បីបន្តបរិភោគអាហារផ្សេងៗគ្នា ដើម្បីប្រាកដថាទទួលបានថាមពល ប្រូតេអ៊ីន វីតាមីនចម្រុះ និង សារធាតុរ៉ែ៕