ពលរដ្ឋអាយុលើស ១០០ ឆ្នាំក្នុងប្រទេសជប៉ុន បានកើនឡើងខ្លាំងក្នុងកំណត់ត្រាខ្ពស់បំផុត
ពលរដ្ឋក្នុងប្រទេសជប៉ុនអាយុលើស ១០០ ឆ្នាំនាពេលនេះកើនឡើងដល់ជាង ៩៥ ០០០ នាក់ ដែលចំនួននេះជាកំណត់ត្រាខ្ពស់បំផុត ហើយក៏ជាការកើនឡើង ៥៤ ឆ្នាំជាប់ៗគ្នាផងដែរ។
តាមការបញ្ជាក់ពីក្រសួងសុខាភិបាល ការងារ និង សុខុមាលភាពប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅបានឱ្យដឹងថា ចំនួនពលរដ្ឋអាយុលើស ១០០ ឆ្នាំក្នុងប្រទេសជប៉ុន បច្ចុប្បន្ននេះឈរនៅចំនួន ៩៥ ១១៩ នាក់ កើនលើសកាលពីឆ្នាំទៅចំនួន ២ ៩៨០ នាក់។ ក្នុងចំណោមពលរដ្ឋវ័យចំណាស់ទាំងនោះ ស្ត្រីគឺមានអត្រាច្រើនជាងបុរសដល់ទៅ ៨៨%។
គួរឱ្យដឹងថា ប្រទេសជប៉ុនកាលពីឆ្នាំ ១៩៥៣ មានមនុស្សចំណាស់អាយុលើស ១០០ ឆ្នាំចំនួន ១៥៣ នាក់ ដោយចាប់តាំងពីពេលនោះមក ជប៉ុនក៏ចាប់ផ្ដើមកត់ត្រាចំនួនមនុស្សវ័យចំណាស់ក្នុងប្រទេសរបស់ខ្លួនរហូតមកដល់សព្វថ្ងៃ។ ចំនួនបានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងក្នុងឆ្នាំ ១៩៨១ ចំនួនបានកើនដល់ ១ ពាន់នាក់ ក្នុងឆ្នាំ ១៩៩៨ កើនដល់ ១ ម៉ឺននាក់ ឆ្នាំ ២០១២ កើនដល់ ៥ ម៉ឺននាក់ និង ក្នុងឆ្នាំ ២០២២ កើនដល់ ៩ ម៉ឺននាក់។
ស្ត្រីចំណាស់ជាងគេបំផុតក្នុងប្រទេសជប៉ុនគឺលោកយាយ Tomiko Itooka អាយុ ១១៦ ឆ្នាំ ជាអ្នកក្រុង Ashiya ខេត្ត Hyogo ខណៈលោកតាវ័យចំណាស់ជាងគេមានឈ្មោះ Kiyotak Mizuno អាយុ ១១០ ឆ្នាំ ជាអ្នកក្រុង Iwata ខេត្ត Shizuoka។ គួរបញ្ជាក់ដែរថា ការកើនឡើងនៃចំនួនមនុស្សក្នុងប្រទេសជប៉ុនគឺកាន់តែធ្វើឱ្យប្រទេសនេះជួបវិបត្តិប្រជាជនកាន់តែធ្ងន់ធ្ងរ ខណៈមនុស្សចាស់ចេះតែកើនឡើង តែចំនួនកំណើតកាន់តែថយចុះ។ ជាក់ស្ដែង ចំនួនពលរដ្ឋសរុបក្នុងប្រទេសជប៉ុននាពេលនេះមានត្រឹម ១២៤ លាននាក់ ដែលចំនួននេះថយចុះជាងឆ្នាំមុនចំនួន ៥៩៥ ០០០ នាក់៕
ប្រភព៖ VN Express