ជីវិតមានគ្រប់យ៉ាងហើយ រស្មី ថាមកប្រឡងដើម្បីបទពិសោធថ្មី តែមានឯណាត្រូវគេជេ/រពេញប្រទេស
ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ សង្គ្រាមផ្ទះបាយក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៣ កាន់តែក្ដៅគគុកឡើង ដោយមានការប្រកួតប្រជែងបញ្ចេញថ្វីដៃរវាងបេក្ខជនជើងខ្លាំងដែលនៅសល់ ដើម្បីឆ្ពោះទៅកាន់ការដណ្ដើមបានរង្វាន់លេខ ១ ក្លាយជាកំពូលចុងភៅមួយរូប។
យ៉ាងណាមិញ នៅពីក្រោយការប្រកួតប្រជែងរបស់បេក្ខជនទាំងអស់ ហើយត្រលប់ទៅមើលជីវិតឯកជនរបស់បេក្ខជនជើងខ្លាំងប៉ុន្មានរូបចុងក្រោយនេះវិញ ឃើញថាក្នុងចំណោមពួកគេ ភាគច្រើនសុទ្ធសឹងតែមានអាជីវកម្មផ្ទាល់ខ្លួន មានហាងជារបស់ខ្លួនឯង ពោលគឺជាថៅកែមួយរូប ដែលមានទាំងទុន មានជីវភាពល្អប្រសើរ និង មានទាំងជំនាញ។
ក្នុងចំណោមបេក្ខជនជើងខ្លាំង MasterChef រដូវកាលទី ៣ នេះដែរ ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា អ្នកនាង កែ វង្សច័ន្ទរស្មី គឺជាថៅកែស្រីមានជំនួញជាច្រើនក្នុងដៃ មានជីវភាពធូរធារ ថែមទាំងមានគ្រួសារតូចមួយប្រកបដោយសុភមង្គល តែបេក្ខជនរូបនេះ នៅតែចង់ប្រឡូកក្នុងវិស័យប្រកួតធ្វើម្ហូបមួយនេះ ដើម្បីទទួលបានបទពិសោធជីវិតថ្មីមួយទៀត។
ទន្ទឹមនឹងភាពលេចធ្លោក្នុងកម្មប្រកួត រស្មី ក៏ជាបេក្ខជនមួយរូបដែលត្រូវអ្នកគាំទ្រលើកឡើងថាមានចរិតខ្មឺតដែរ។ ពាក់ព័ន្ធនឹងភាពល្បីល្បាញខាងចរិតខ្មឺតនេះ រស្មី បានលើកឡើងបែបលេងសើចថា ៖ «ម្នាក់ៗសុទ្ធតែជាថៅកែហាងហើយម៉េចក៏ប្រឹងម៉េះ ពេលប្រកួតសស៊ីសាច់ហុតឈាមដណ្ដើមគ្នាចង់ឈ្នះគិតអីនុង សម្រាប់ខ្ញុំស្ត្រេសពេកនៅផ្ទះមើលតែកូន ចាយតែលុយ ទៅប្រកួតយកបទពិសោធជីវិតឱ្យស្គាល់គ្រប់រសជាតិថាវាយ៉ាងម៉េច ឥលូវស្គាល់ហើយ ដឹងហើយបានត្រឹមគេស្អប់ គេជេរពេញប្រទេស ប្ដីអើយអូនខុសហើយ»៕