Youtuber ល្បីម្នាក់នៅថៃ ត្រូវគេរិះគន់ផ្អើលប្រទេស ហើយត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើវីដេអូហូបស៊ុបប្រចៀវ
ស្ត្រីម្នាក់នៅប្រទេសថៃ ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយពីរូបនាងបានធ្វើការថតវីដេអូអង្គុយបរិភោគស៊ុបសត្វប្រចៀវមួយប្រភេទដែលអាជ្ញាធរកំពុងអភិរក្សការពារ។
កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ Youtuber ដ៏ល្បីមួយរូបក្នុងប្រទេសថៃ ឈ្មោះ Phonchanok Srisunaklua បានធ្វើការបង្ហោះវីដេអូមួយលើ Youtube channel របស់នាង ជាមួយចំណងជើងថា «Gin Zap Ben Nua Nau» (ជាភាសាខ្មែរថា ញ៉ាំអាហារហិរ ហើយឆ្ងាញ់)។ ក្នុងឃ្លីបវីដេអូនោះដែរ Phonchanok គឺអង្គុយមុខចានម្ហូបដូចរាល់ដង ប៉ុន្តែលើកនេះជាចានស៊ុបដ៏ធំមួយ ពោរពេញទៅដោយប៉េងប៉ោះ និង សត្វប្រចៀវ មុនធ្វើការចាប់សត្វប្រចៀវក្នុងស៊ុបញ៉ាំបង្ហាញអ្នកគាំទ្ររបស់នាង។
បើតាមសារព័ត៌មានបានឱ្យដឹងថា Phonchanok បាននិយាយប្រាប់អ្នកចូលមើលវីដេអូរបស់នាងថា នេះគឺជាលើកដំបូងហើយសម្រាប់នាងក្នុងការញ៉ាំសត្វប្រចៀវនេះ ដោយរូបនាងបានទិញវាពីផ្សារមួយនៅភាគខាងជើងប្រទេសថៃ ជិតព្រំដែនប្រទេសឡាវ។ Youtuber ថៃរូបនេះ បានរ៉ាយរ៉ាប់ថា ស៊ុបប្រចៀវដែលនាងញ៉ាំនេះ គឺឆ្ងាញ់។
ក្រោយវីដេអូបានបង្ហោះភ្លាម អ្នកលេងបណ្ដាញសង្គមជាច្រើនបានផ្ទុះប្រតិកម្មជាខ្លាំង ដោយខ្លះលើកឡើងថា វីដេអូរបស់នាងមួយនេះគឺគួរឱ្យខ្ពើម ខណៈមហាជនផ្សេងទៀតលើកឡើងពីហានិភ័យនៃការឆ្លងរោគនានា ព្រោះថាសត្វប្រចៀវដែលមានរោគប្រហាក់ប្រហែលនឹងជំងឺ Sars-Cov-2 គឺត្រូវបានរកឃើញក្នុងតំបន់ដូចគ្នានោះដែរ។ ជាក់ស្ដែងអ្នកលេងបណ្ដាញសង្គមម្នាក់លើកឡើងធ្ងន់ៗថា ៖ «ប្រសិនបើនាងចង់ស្លាប់ ស្លាប់តែឯងចុះ គ្មាននរណាស្ដីបន្ទោសនាងឡើយ តែនាងនឹងមានរឿងធំ ប្រសិនបើនាងបង្កឱ្យកើតរោគរាតត្បាតជាសកលជាថ្មី»។
ភ្លាមៗក្រោយរងព្យុះរិះគន់ភ្លូកទឹកភ្លូកដី វីដេអូមួយនោះ ក៏ត្រូវបានលុបចេញពី channel Youtuber របស់នាង តែទោះជាយ៉ាងណា ខាងអាជ្ញាធរប្រទេសថៃ ក៏បានចុះប្រតិបត្តិការឃាត់ខ្លួនរូបនាងពីបទបរិភោគសាច់សត្វព្រៃដែលកំពុងអភិរក្សការពារ រួមទាំងបទបំពានច្បាប់ Computer-Related Crimes Act ផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រសិនបើរកឃើញថានាងពិតជាប្រព្រឹត្តខុសនឹងច្បាប់ពិតប្រាកដមែន នាង Phonchanok អាចនឹងប្រឈមមុខជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ឬក៏ពិន័យជាសាច់ប្រាក់ចំនួន ៥០ ម៉ឺនបាត (ប្រមាណជា ១ ៤០០០ ដុល្លារ)៕