តារាកំប្លែង Mum Jokmok ទម្លាយអតីតកាលជាង ២៥ ឆ្នាំមុន ធ្លាប់នាំស្រីទៅផ្ទះសំណាក់ តែប្រពន្ធតាមទាន់
Mum Jokmok តារាកំប្លែងជើងចាស់ប្រចាំប្រទេសថៃ ដែលមហាជនភាគច្រើនបានស្គាល់ច្បាស់ តាមរយៈស្នាដៃរឿងភាគ រឿងកុនខ្នាតធំ និង ការចេញសម្តែងតាមកម្មវិធីផ្សេងៗ។
តារាកំប្លែងវ័យ ៥៦ ឆ្នាំរូបនេះ គឺជាតារាកំប្លែងល្បីមួយរូប ដែលមកទល់ពេលបច្ចុប្បន្ននេះ ប្រជាប្រិយរបស់លោកក៏ហាក់នៅតែមានការគាំទ្រខ្ពស់គួរឱ្យកត់សម្គាល់។
ដើរលើវិថីសិល្បៈអស់ជាង ៣០ ឆ្នាំ Mum ទើបដាច់ចិត្តសារភាពរៀបរាប់ពីប្រវត្តិពេលខ្លួននៅក្មេង ហើយមានកេរ្តិ៍ឈ្មោះល្បីថា ៖ «បើនិយាយទៅអំឡុងពេលសម័យ ខ្ញុំអាយុ ២៥-២៦ ឆ្នាំ ពេលវេលានោះ គឺមុខមាត់ខ្ញុំអាចនិយាយបានថាមើលទៅស្រស់ មានស្រីៗជាច្រើនមកចោលរោម ហើយជំនាន់ដែលខ្ញុំលេងរឿង «Ban Pee Pop» ដែលមានជាច្រើនភាគនោះទៀតសោត ខ្ញុំធ្លាប់លួចសាវាក្បត់ចិត្តភរិយាដោយលួចនាំស្រី ទៅសណ្ឋាគារវាំងននរូត ហើយក៏ធ្លាប់មានពេលដែលភរិយាតាមចាប់កំហុសដល់ទីតាំងផងដែរ»។
«អាចថាសំណាងដែលពេលនោះប្រពន្ធ ទៅដល់ទីកន្លែង តែបែរជាចាប់ខុសបន្ទប់ កុំអីខ្ញុំក្ស័យជីវិតតាំងពីពេលនោះហើយ។ ខ្ញុំសារភាពថា ខ្ញុំខូចរហូតធ្វើឱ្យប្រពន្ធយំជាញឹកញាប់។ លុះរហូតពេលមានកូនប្រុសដំបូង Mix ដែលជាពេលប្រពន្ធជួបការលំបាកត្រូវមើលថែកូនផង ហើយថែមទាំងត្រូវស្វាមីដូចខ្ញុំធ្វើបាបទៀត រហូតដល់ថ្នាក់ហូបបាយលែងចូល ហើយមិនមានទឹកដោះឱ្យកូន ត្រូវរកអ្នកផ្សេងបំបៅជំនួស។ ពេលនោះហើយដែលខ្ញុំ ចាប់ផ្តើមភ្ញាក់ខ្លួន ហើយកែប្រែនឹងសុំទោសភរិយា ហើយប្តូរមកយកចិត្តទុកដាក់ក្រុមគ្រួសារជាសំខាន់ និង ឈប់ធ្វើរឿងទាំងនោះ»។
«ហើយក៏អរគុណដល់អូន Mot ដែលព្រមអភ័យទោស ដោយចាប់តាំងពីពេលនោះមកគឺខ្ញុំចេញពីធ្វើការមកផ្ទះ ញ៉ាំបាយជាមួយប្រពន្ធកូន មើលកូន មើលថែផ្ទះ។ មួយវិញទៀតខ្ញុំគិតពីអនាគតកូន ប្រសិនបើប្រពន្ធខ្ញុំចិត្តដាច់សុំលែងលះ តើកូននឹងទៅជាបែបណា? អនាគតធំឡើងបែបម៉េច? អ្វីបែបនេះ ដែលជាហេតុខ្ញុំបេ្តជ្ញាចិត្តមកធ្វើជាប្តីល្អ ឪពុកល្អវិញ»៕
ប្រភព៖ BrightTV