ក្ដៅគគុក! អ្នកគាំទ្រកកាយរឿងចាស់ ក្រោយប្រទះឃើញ Tao និង អតីតអ្នកហ្វឹកហាត់របស់ SM អង្គុយរួមតុជាមួយគ្នា
ថ្មីៗនេះ Tao អតីតសមាជិកក្រុម EXO ត្រូវបានគេប្រទះឃើញបានណាត់ជួបរួមតុអាហារតែពីរនាក់ ជាមួយនឹងអតីតអ្នកហ្វឹកហាត់របស់ SM Entertainment គឺតារាចម្រៀងស្រី Xu Yiyang។
នេះបើតាមការចុះផ្សាយរបស់ Sina បានទម្លាយទាំងរូបថត ក៏ដូចជាព័ត៌មានទាក់ទងនឹងតារាទាំងពីរថា Tao និង Xu Yiyang ត្រូវគេប្រទះឃើញអ្នកទាំងពីរបានណាត់ជួបគ្នា រីករាយក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ជាមួយគ្នា ដោយបង្ហាញយ៉ាងច្បាស់ប្រៀបដូចជាគូស្នេហ៍។
គ្រាន់តែព័ត៌មានរបស់តារាទាំងពីរ បញ្ចេញមិនទាន់បានប៉ុន្មានផង ស្រាប់តែអ្នកគាំទ្ររបស់ពួកគេ បានកកាយយកពាក្យចចាមអារ៉ាមចាស់តាំងពីដើមឆ្នាំ ២០១៩ មកនិយាយវែកញែកម្ដងទៀត ដោយកាលនោះ Tao បានបដិសេធពាក្យចចាមអារ៉ាមនេះថា លោកចាត់ទុក Yiyang ត្រឹមជាប្អូនស្រី ប៉ុណ្ណោះ។
បើទោះបីជាមានការបដិសេធក៏ដោយ ប៉ុន្តែអ្នកនិយមលេងក្នុងបណ្តាញសង្គមដែលជាអ្នកគាំទ្ររបស់ពួកគេ នៅតែគិតថា Tao និង Xu Yiyang មានទំនាក់ទំនងពិសេសជាមួយគ្នា រួមទាំងព័ត៌មានដែលធ្លាប់បានចុះផ្សាយថា អ្នកទាំងពីរបានជួបគ្រួសារទាំងសងខាង ហើយថែមទាំងមានគម្រោងរៀបការផងដែរ។
សូមរំឭកផងដែរថា Tao ធ្លាប់ជាសមាជិកក្រុម EXO ដែលលលោកបានបង្ហាញខ្លួនលើកដំបូងក្នុងខែមេសា ឆ្នាំ ២០១២ ប៉ុន្តែលោកបានចាកចេញពីក្រុមនៅក្នុងឆ្នាំ ២០១៥ ដោយសារតែជម្លោះក្រុមហ៊ុន។
បច្ចុប្បន្ននេះ តារាប្រុសរូបនេះ បានសកម្មក្នុងអាជីពជាតារាសិល្បៈដ៏ល្បីមួយរូបក្នុងប្រទេសចិន។ ចំណែកឯតារាស្រី Xu Yiyang វិញ បានចូលក្នុង SM Entertainment ក្នុងនាមជាអ្នកហ្វឹតហាត់ក្នុងឆ្នាំ ២០១៤ ហើយត្រូវបានប្រកាសក្លាយជាសមាជិករបស់ SM Rookies ក្នុងឆ្នាំ ២០១៦ ជាមួយនឹងក្រុម aespa ប៉ុន្តែគួរឱ្យសោកស្តាយ នាងនៅក្នុងឆ្នាំ ២០១៨ នាងក៏បានចាកចេញពី SM ហើយមកចាប់អាជីពជាតារាចម្រៀងនៅក្នុងប្រទេសចិនវិញ៕