ឃើញជួបគ្នាញឹក! ការពិត សំ សុធារិទ្ធ បេក្ខជន MasterChef Cambodia និង តារាប្រុស វុទ្ធ ថុង មានទំនាក់ទំនងពិសេសមួយនេះនឹងគ្នា
មហាជនអ្នកនិយមតាមដានការប្រកួតកម្មវិធីចម្អិនម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ ច្បាស់ជាបានទស្សនាមកហើយ ដោយកាលពីសប្តាហ៍មុនកម្មវិធីបានឈានមកដល់សប្តាហ៍ទី ៦ ហើយ។ ក្នុងនោះដែរ ក៏មានបេក្ខភាពខ្លះត្រូវបានជម្រុះជាបន្តបន្ទាប់ និង ខ្លះទៀតមានថ្វីដៃបន្តដំណើរទៅកាន់ការប្រកួតនៅសប្តាហ៍ក្រោយៗទៀត។
ស្របពេលដំណើរនៃការប្រកួតនេះដែរ បេក្ខជនទាំងអស់ក៏ត្រូវបានកម្មវិធីរៀបចំកន្លែងស្នាក់នៅជុំគ្នាទៀតផង ដោយមើលទៅពោរពេញដោយក្តីស្រឡាញ់ ការរាប់អាន ខុសពីការប្រកួតនៅចង្ក្រាន្តបាយ MasterChef Cambodia ដែលបង្ហាញការប្រកួតប្រជែងយកចាញ់យកឈ្នះយ៉ាងពេញទំហឹង។
ដោយឡែក ក្រឡេកទៅមើលបេក្ខជន សំ សុធារិទ្ធ ដែលមកពីទីក្រុងភ្នំពេញ មិនត្រឹមតែមានសមត្ថភាពក្នុងការធ្វើម្ហូបតែម្យ៉ាងនោះទេ តែមហាជនក៏ចាប់អារម្មណ៍នឹងរូបសម្រស់ស្រស់សង្ហារបស់លោកថែមទៀតផង។ ក្នុងនោះ បេក្ខជន សំ សុធារិទ្ធ ត្រូវបានគេស្គាល់ថាជាអ្នកផលិតមាតិកាម្ហូបមួយរូបមានប្រជាប្រិយភាពនៅក្នុងបណ្តាញសង្គមផងដែរ។
យ៉ាងណាមិញ ក្រឡេកមកមើលរឿងឯកជនខ្លះវិញនោះ ថ្មីៗនេះលោក សំ សុធារិទ្ធ ហាក់ត្រូវបានមហាជនចាប់អារម្មណ៍ពីទំនាក់ទំនងរបស់លោក និង តារាប្រុសស្រស់សង្ហា លោក វុទ្ធ ថុង ដែលហាក់មើលទៅមានភាពស្និទ្ធស្នាលគ្នាយ៉ាងខ្លាំង។ ក្នុងនោះដែរ លោក សំ សុធារិទ្ធ និង លោក វុទ្ធ ថុង បានបើកហាងអាហាររួមគ្នាថែមទៀតផង។
ជាក់ស្តែង ការពិតទៅ បេក្ខជន MasterChef Cambodia រដូវកាលទី ៣ លោក សំ សុធារិទ្ធ និង តារាប្រុសរូបសង្ហា លោក វុទ្ធ ថុង គឺមិនមែនជាអ្នកនៅឆ្ងាយពីគ្នានោះឡើយ ពោលគឺប្រុសសង្ហាទាំង ២ គឺជាបងប្អូនជីដូនមួយនឹងគ្នា៕