ព្រលានយន្តហោះ Incheon អនុញ្ញាតឱ្យតារាៗប្រើប្រាស់ច្រកផ្លូវឯកជន ដើម្បីគេចពីអ្នកគាំទ្រ
កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ព្រលានយន្តហោះអន្តរជាតិ Incheon ប្រទេសកូរ៉េខាងត្បូង បានប្រកាសថាខាងព្រលាននឹងអនុញ្ញាតឱ្យតារាៗ សិល្បករល្បីៗក្នុងប្រទេសប្រើប្រាស់ច្រកទ្វារឯកជន ដែលជាច្រកបើកសម្រាប់ឱ្យតែបុគ្គលិកបម្រើការលើយន្តហោះនោះ។ ដំណឹងនេះដែរបានប្រាប់ដល់ភ្នាក់ងារផ្នែកកម្សាន្តទាំងអស់រួចរាល់ហើយ និង គ្រោងដាក់អនុវត្តគម្រោងថ្មីនេះនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ។
ចំពោះគោលបំណងនៃការអនុញ្ញាតឱ្យតារាៗប្រើប្រាស់ច្រកឯកជននេះដែរ គឺដើម្បីកាត់បន្ថយភាពកកកុញនៃអ្នកគាំទ្រនៅតាមច្រក លុបបំបាត់ហានិភ័យគ្រោះថ្នាក់ជាយថាហេតុ និង បញ្ចៀសភាពរំខានដល់អ្នកដំណើរដទៃផ្សេងទៀត។
ព្រលានយន្តហោះអន្តរជាតិ Incheon បានជំរុញឱ្យខាងភ្នាក់ងារផលិតកម្មទាំងអស់ឱ្យធ្វើការណែនាំដល់អ្នកគាំទ្ររបស់តារាៗក្រោមទ្រនំរបស់ពួកគេកុំឱ្យមកជូនដំណើរ និង ទទួលតារាក្នុងដួងចិត្តខ្លួននៅព្រលានយន្តហោះ។ ខាងព្រលានបានបន្ថែមទៀតថា ខាងក្រុមហ៊ុនឥលូវនេះក៏អាចផ្ញើលិខិតស្នើសុំមកកាន់ព្រលានដើម្បីឱ្យរៀបចំសម្រួលឱ្យតារាៗធ្វើដំណើរតាមច្រកឯកជនផងដែរ។
ប្រភព៖ 8days