អាថ៌កំបាំងជំនឿដាក់កាក់ក្នុងមាត់ខ្មោចពីសម័យបុរាណ ដល់បច្ចុប្បន្ន ដឹងហើយព្រឺសម្បុរខ្ញាកៗ
ការដាក់កាក់ក្នុងមាត់ខ្មោច គឺជាទំនៀមទម្លាប់មួយរបស់មនុស្សនៅសម័យបុរាណ ដែលយើងអាចនិយាយបានថា ខ្មែរមានជំនឿដាក់កាក់ក្នុងមាត់នេះអស់កាលយូរលង់ណាស់ហើយ តែបើយើងសិក្សាពីសាវតានៃវប្បធម៌របស់ប្រជាជនលើពិភពលោក មានរឿងគាប់ជួនជាច្រើននៅតាមបណ្តាអាណាចក្រទូទាំងផែនដី ចែងជារឿងព្រេងនិទានកថាសរសេរចារសាវតាដោយបុព្វការីជនគ្រប់សញ្ជាតិសុទ្ធតែមានទម្លាប់មួយដែលរមែងធ្វើនៅពេលមានមនុស្សស្លាប់ គឺរមែងដាក់ប្រាក់កាក់ក្នុងមាត់ខ្មោច។
តើហេតុអ្វីបានជាមនុស្សទាំងអស់មានជំនឿដាក់កាក់ក្នុងមាត់ខ្មោច?
មានរឿងបុរាណដំណាលតៗគ្នាមកថា ៖
មានបុរសម្នាក់នៅជាមួយប្រពន្ធតាំងពីក្មេងដល់ចាស់ ខំរកស៊ីធ្វើការបានសល់ «មាស» មួយបាទ។ ប្ដីប្រពន្ធនេះរស់នៅប្តូរផ្តាច់តែគ្មានកូនស្នងមរតកសោះ ពេលនោះពួកគាត់សន្យាផ្តែផ្ដាំគ្នាថា បើអ្នកណាស្លាប់មុនត្រូវយកមាសមួយបាទនេះដាក់ក្នុងមាត់អ្នកនោះ។ ចំណេរតមកមិនយូរប៉ុន្មានប្ដីស្លាប់ទៅ ប្រពន្ធក៏យកមាសដាក់ក្នុងមាត់ខ្មោចប្ដីមុនបូជា។
ក្រោយសពត្រូវបានដុត ខ្មោចត្រូវភ្លើងឆេះអស់ ឯមាសក្នុងមាត់សពវិញត្រូវភ្លើងឆេះរលាយនៅសល់តែ ៣ ស្លឹង។ សម័យមួយព្រះមហាក្សត្រព្រះអង្គលោកមានចិត្តលោភគ្របសង្កត់ក៏ចេញព្រះរាជអាជ្ញាឱ្យរៃយកមាសក្នុងមួយផ្ទះចំនួនមួយបាទជាកំហិត។ យាយប្រពន្ធរបស់ខ្មោចតានោះ ភ័យក៏យកមាស ៣ ស្លឹង ដែលគាត់រើសទុកនោះទៅថ្វាយជូនព្រះមហាក្សត្រ ហើយក្រាបទូលថា «ក្រាបទូលព្រះករុណា! មាសនេះពីដើមនេះពេញមួយបាទតែខ្ញុំម្ចាស់យកទៅដាក់ក្នុងមាត់ប្ដី ពេលដែលស្លាប់ តែប្ដីខ្ញុំម្ចាស់យកទៅពុំបាន ក៏ត្រូវភ្លើងឆេះអស់ខ្លះទៅ នៅសល់តែប៉ុណ្ណេះ សូមព្រះករុណាប្រទានក្តីមេត្តាដល់សត្វទាល់ក្រផង»។
ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ក៏កើតធម្មសង្វេគស្លុតព្រះទ័យ ទើបទ្រង់ប្រកាសឱ្យលើកលែងការរៃយកមាសអំពីបណ្ដារាស្ត្រទាំងអស់តទៅទៀត។ អាស្រ័យរឿងនេះទើបបណ្ដារាស្ត្រទាំងអស់យល់ថា ប្រាក់ ឬ មាសដែលបង់ក្នុងមាត់ខ្មោចមានអានុភាពទៅលើទឹកចិត្តមនុស្សណាស់ សូម្បីព្រះមហាក្សត្រក៏ចុះចាញ់អនុភាពនេះដែរ។ ម៉្យាងទៀតអានុភាពប្រាក់ ឬ មាសដែលបង់ក្នុងមាត់ខ្មោច ជាវត្ថុស័ក្ដិសិទ្ធិ អាចជួយរំដោះគ្រោះថ្នាក់ក្នុងពេលមានអាសន្នបាន។
យ៉ាងណាមិញ អ្នកប្រាជ្ញពីបុរាណដែលឱ្យយកមាស ឬ ប្រាក់ដាក់ក្នុងមាត់ខ្មោច គឺដើម្បីជាប្រស្នាឱ្យពិចារណាថា សម្បត្តិទាំងអស់យើងអាចយកដាក់នឹងខ្លួនតែក្នុងវេលាមានជីវិត កាលបើស្លាប់ហើយយើងមិនអាចយកទៅបានទេ។
បើយោងតាមជំនឿរបស់ប្រទេសលោកខាងលិច បុព្វការីជនគេមានជំនឿខុសពីយើង។ ពួកគេជឿថាការដាក់ប្រាក់ ឬ មាសក្នុងមាត់សពដែលលាចាកលោក គឺជាទ្រព្យរបស់មនុស្សក្រោយស្លាប់ដែលអាចយកតាមខ្លួនក្រោយដួងវិញ្ញាណឈានទៅស្ថានយមលោក។ នៅស្ថានយមលោក ឬ ស្ថានក្រោម គឺជាលោកដែលព្រលឹងមនុស្សក្រោយស្លាប់នឹងឆ្ពោះទៅកាន់។ នៅទីនោះងងឹតណាស់ហើយមានសមុទ្រនរកមួយដ៏ធំដែលមនុស្សក្រោយស្លាប់នឹងត្រូវឆ្លង។ ពួកគេត្រូវជួបនឹងយមទូតមួយរូប មានឈ្មោះថា ខែរុន ដែលយមទូតរូបនោះ ប្រៀបដូចអ្នកវាយត្រាប៉ាស្ព័រនៅស្ថានមនុស្សយើងនាសម័យឥឡូវដូចច្នោះដែរ។
មនុស្សគ្រប់រូបនឹងជួបខែរុននៅចុងបញ្ចប់នៃជិវិតរបស់ខ្លួន ហើយគេនឹងកាន់ចង្កៀងមួយ ចែវទូកខ្វើយៗមករកអ្នក ដើម្បីយកអ្នកឆ្លងមហាសមុទ្រងងឹត ហើយកាក់ដែលនៅក្នុងមាត់អ្នកនេះហើយជាទុនដែលអ្នកគួរផ្តល់ឱ្យយមទូតរូបនោះ បើគ្មានកាក់ទេ ខែរុននឹងវាយមួយច្រវារទម្លាក់ទូកកណ្តាលមហាសមុទ្រ អ្នកនឹងមិនអាចចាប់ជាតិ ហើយក្លាយជាវិញ្ញាណវិលវល់អស់កាលនៅស្ថាននរក៕
ប្រភព៖ ប្រជុំរឿងព្រេងខ្មែរ (ភាគទី៩)