ក្តៅគគុក! សមាគមបាល់ទាត់ឥណ្ឌូនេស៊ី ឆ្លើយតបចេញពីចិត្តទៅអ្នកគាំទ្របាល់ទាត់ថៃ រឿងចង់ឱ្យគេដាក់ទោសកីឡាករ
កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ សមាគមបាល់ទាត់ថៃ បានប្រកាសដាក់ពិន័យចំពោះក្រុមអ្នកគ្រប់គ្រង គ្រូបង្វឹក និង កីឡាករចំនួន ៥ នាក់ ដែលពាក់ព័ន្ធការវាយប្រតាយប្រតប់បង្កចលាចលលើទីលាន អំឡុងពេលប្រកួតដណ្ដើមមេដាយមាសជាមួយឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
ក្រោយថៃដាក់ទោសក្រុមកីឡាករបាល់ទាត់ខ្លួន អ្នកគាំទ្របាល់ទាត់ថៃហាក់មិនអស់ចិត្ត ដោយបានស្នើឱ្យឥណ្ឌូនេស៊ីធ្វើការពិន័យដល់ក្រុមកីឡាកររបស់ខ្លួនដូចគ្នាដើម្បីយុត្តិធម៌ ព្រោះតែខាងកីឡាករឥណ្ឌូនេស៊ីក៏បានចូលរួមវាយតប់គ្នាផងដែរ។
នៅព្រឹកថ្ងៃទី ២៥ ខែឧសភានេះ លោក Erick Thohir ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បានឆ្លើយតបវិញថា ៖ «ខ្ញុំបានឃើញហើយ ការដាក់ពិន័យដល់ក្រុមគ្រូបង្វឹក និង កីឡាកររបស់សមាគមបាលទាត់ថៃ តែចំពោះយើង (ឥណ្ឌូនេស៊ី) នឹងមិនមានការពិន័យអ្វីទាំងអស់ ប្រទេសណាចង់ដាក់ទោស វាជាបញ្ហារបស់ប្រទេសនោះ។ យើងមិនចាំបាច់ធ្វើអន្តរាគមន៍អ្វីទេ ព្រោះរូបភាព និងការរិះគន់កន្លងមកវាជាមេរៀនដែលកីឡាកររបស់យើងបានទទួលរួចហើយ បន្ទាប់ពីនេះគឺយើងត្រូវយកមកសិក្សា ហើយកែប្រែកំហុសទាំងនោះឡើងវិញ។ សុំបញ្ជាក់ថា ពួកយើងនៅតែមានទំនាក់ទំនងល្អជាមួយប្រទេសក្នុងអាស៊ាន មិនថាថៃ ឬ វៀតណាមទេ ទោះបីជាមានរូបភាពមិនល្អកើតឡើងពិតមែន»៕