(វីដេអូ) ផ្អែមទៅៗ! អតីតបេក្ខភាព Cambodia Idol ចាន់ ឡៃវលក្ខណ៍ និង កូនប្រុស យ៉ែម សំអូន កាន់តែបង្ហាញពីចំណងស្នេហ៍
មហាជននិយមតាមដានវិស័យសិល្បៈ ច្បាស់ជាបានដឹងហើយពីតារាចម្រៀងរៀមច្បង លោក យ៉ែម សំអូន ក្រៅពីមានកូនស្រីជាចំណងដៃអាពាហ៍ពិពាហ៍នឹងអ្នកនាង យ៉ាន លីនដា ហើយនោះ គឺលោកនៅមានកូនប្រុសម្នាក់ទៀតមានឈ្មោះថា សំអូន ជលសា។
ក្នុងនោះដែរ កូនប្រុសរបស់តារាចម្រៀងប្រុស យ៉ែម សំអូន រូបនេះ បើទោះជាមិនមានជំនាញជាអ្នកសិល្បៈដូចឪពុកក៏ពិតមែន ក៏លោក សំអូន ជលសា មានដុងផ្នែកថតរូប និង ជាជួយការងារក្រុមហ៊ុន «Dara Entertainment» ជាមួយឪពុកដែរ។
ដោយឡែក ក្រឡេកមកមើលរឿងរ៉ាវបេះដូងរបស់កូនប្រុសលោក យ៉ែម សំអូន គឺលោក សំអូន ជលសា ឯនោះវិញ មួយរយៈចុងក្រោយនេះ គេហាក់ឃើញលោក ជលសា កាន់តែបង្ហាញភាពស្និទ្ធស្នាលខ្លាំងឡើងនឹងកញ្ញា ចាន់ ឡៃវលក្ខណ៍ អតីតបេក្ខភាពកម្មវិធី Cambodia Idol រដូវកាលទី ៣ និង ជាតារាចម្រៀងប្រចាំ «Dara Entertainment» របស់ឪពុកលោកដែរ។
ជារឿយៗ នៅលើបណ្តាញសង្គម Tik Tok គេឃើញលោក សំអូន ជលសា និង កញ្ញា ចាន់ ឡៃវលក្ខណ៍ ម្ចាស់បទ «ជាតិនេះ ជាតិណាក៏ស្រឡាញ់» រូបនេះ កាន់តែបង្ហាញពីភាពផ្អែមល្ហែម និង ហួងហែងគ្នាក្នុងនាមជាសង្សារទៀតផង៕