បើអ្នកកើតខែឧសភាគឺស្រឡាញ់ភាពយុត្តិធម៌ តែពិបាកបន្តិចរឿងអារម្មណ៍ និងមិនសូវបត់បែនតាមអ្នកណាងាយៗទេ
ចំពោះខែទាំង ១២ បើសួរថាអ្នកកើតក្នុងខែមួយណាដែលពិបាកយល់ជាងគេ នោះគឺខែឧសភាពដោយសារតែមានភាពផ្លាស់ប្ដូរលឿន។ ដូចនេះមកដឹងពីអត្ថចរិត ឬ និស្ស័យរបស់អ្នកកើតក្នុងខែឧសភាទាំងអស់គ្នា ថាការពិតពួកគេជាមនុស្សប្រភេទណា ហើយពិបាកយល់មែនឬអត់?
យ៉ាងណា សម្រាប់អ្នកកើតចំខែមួយនេះ គឺជាមនុស្សមានការយកចិត្តទុកដាក់ចំពោះគេឯងជាខ្លាំង តែបែរជាមិនបង្ហាញចេញមកទៅវិញ។ ម្យ៉ាងទៀតទឹកមុខរបស់ពួកគេអាចមើលទៅដូចជាមនុស្សតឹងតែងខ្លាំង ហើយក៏មិនសូវចេះបត់បែនតាមគេឯងច្រើនដែរ។
ទោះជាយ៉ាងនេះក្ដី អ្នកកើតក្នុងខែឧសភាគឺជាអ្នកស្រឡាញ់ភាពយុត្តិធម៌ មិនចូលចិត្តលែងខ្សែលើនរណាម្នាក់ ហើយក៏មិនចូលចិត្តឱ្យគេលែងខ្សែលើដូចគ្នា ជាពិសេសចំណុចមួយនេះអាចធ្វើឱ្យមនុស្សជាច្រើនគិតថាពួកគេជាប្រភេទមនុស្សដែលពិបាកយល់ ដោយសារតែពួកគេជាមនុស្សរឹងរូស ពេលសម្រេចចិត្តអ្វីមួយប្រើគំនិតផ្ទាល់ខ្លួនជាចំណុចសំខាន់។
ដោយឡែក ក្នុងរឿងស្នេហាវិញអាចថានឹងល្អ ប្រសិនបើពួកគេជ្រើសរើសមនុស្សខ្លួនស្រឡាញ់ ពួកគេអាចនឹងមើលថែ មានភាពច្បាស់លាស់ និង ចំណាយពេលវេលាដើម្បីសិក្សារៀនសូត្រពីបុគ្គលម្នាក់នោះ បើគ្រប់យ៉ាងពិតប្រាកដហើយគេនឹងហ៊ានបើកចំហទំនាក់ទំនងមួយនោះ៕