កាលនៅមានជីវិត លោក កៅ សីហា មានបំណងធំពីរ តែមិនទាន់បានបំពេញ ក៏ជួបរឿងអកុសលជាមុន
ជាដំណឹងដ៏គួរឱ្យសោកស្តាយ និង នឹកស្មានមិនដល់ ដែលថ្មីៗនេះ យើងបានបាត់បង់ធនធានសិល្បៈដ៏មានទេពកោសល្យ គឺ លោក កៅ សីហា អ្នកដឹកនាំរឿងដ៏ល្បីឈ្មោះ ដែលបានទទួលមរណភាព ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ លោកបានសាងផ្លែផ្កាជាច្រើននៅក្នុងវិស័យភាពយន្ត រាប់តាំងពីការដឹកនាំរឿងដុំ រឿងភាគ រួមទាំងបទចម្រៀង និង TVC ជាដើម។
ប្រឡូកអាជីពជាអ្នកដឹកនាំរឿង ទោះបទពិសោធច្រើនយ៉ាងណា និង ជោគជ័យប៉ុនណា លោកនៅតែមានគោលបំណងអនាគតសម្រាប់អាជីពរបស់ខ្លួន។ ជាក់ស្តែង តាមរយៈបទសម្ភាសមួយជាមួយកម្មវិធី «បើកសោជីវិត» លោកបានលើកឡើងថា បំណងទី១ របស់លោកគឺ លោកចង់បណ្តុះបណ្តាលជំនាញរបស់ខ្លួនបន្ថែមទៀត ដោយអាចទៅរៀននៅក្រៅប្រទេស បើសិនមានឱកាស។ ចំណែក បំណងទី ២ លោកចង់ឱ្យកុនខ្មែរកាន់តែមានគុណភាព។ លោកបានសំណូមពរដល់ អ្នកដឹកនាំ និង ផលិតករ មិនថានៅផលិតកម្មណា ឬប៉ុស្តិ៍ទូរទស្សន៍ណា សូមផ្តោតគោលដៅតែមួយគឺ ផលិតយកគុណភាព កុំយកបរិមាណ ដើម្បីឱ្យយើងអាចប្រក្រួតនៅលើទីផ្សារបាន។
តាមរយៈបទពិសោធក្នុងអាជីព លោកបានចែករំលែកថា៖ ចំពោះគោលដៅអាជីព យើងត្រូវមើលឱ្យមុតថាយើងចង់បានអ្វី ទោះមានឧបសគ្គ យើងត្រូវតែដោះស្រាយ ហើយដោះស្រាយម្តងមួយ ដោយកុំយកវាធ្វើជាសម្ពាធ។ បើយកសំឡេងរំខានជុំវិញខ្លួនជាសម្ពាធ យើងធ្វើវាទៅមុខទេ។ ត្រូវជឿជាក់លើខ្លួនឯង ជឿលើអ្វីដែលយើងចង់ធ្វើ។
អាជីពមួយនេះសម្រាប់លោក ពីមួយដំណាក់កាលទៅមួយដំណាក់កាលពិតជាពិបាក ប៉ុន្តែលោកនៅតែអាចជម្នះទៅមុខបាន ដោយសារវាជាការងារដែលលោកស្រលាញ់។ លោកនិយាយសង្កត់ថា៖ «អ្វីដែលយើងស្រលាញ់ បើយើងដាក់ចិត្តធ្វើហើយ ទោះមានឧបសគ្គអ្វីក៏ដោយ វានឹងមានផ្លូវដោះស្រាយ កុំឱ្យតែយើងយកឧបសគ្គមកជាសម្ពាធ»។
គួររំឭកដែរថា លោក កៅ សីហា ជាអ្នកដឹកនាំរឿងដ៏មានប្រជាប្រិយភាព ដែលបានសាងស្នាដៃច្រើនរាប់មិនអស់។ ចំណោមនោះ រឿងល្បីៗដែលផ្ទុះការគាំទ្រខ្លាំងកន្លងមកមានដូចជា៖ រឿង «រាជិនីភូមិគ្រឹះ», រឿង «ម្តាយក្មេកចេញពីក្នុងព្រះចន្ទ», រឿង «ឋានសួគ៌ទារុណ», រឿង «ឫស្យា» និង រឿង «ម្ចាស់កីតម្បាញ»…ជាដើម៕