ទឹកចិត្តកូនស្រី! Charmaine Sheh ចោលការងារលុយដុំ យកពេលមកធ្វើខួបកំណើតម្ដាយវ័យ ៧០ ឆ្នាំ
កន្លងមកតារាសម្ដែងស្រីហុងកុង Charmaine Sheh ធ្លាប់បានបង្ហើបអំពីរឿងរ៉ាវជាច្រើនទាក់ទងនឹងជីវិតគូ និង ក្តីសង្ឃឹមរបស់នាងក្នុងការរៀបការ និង ធ្វើជាម្ដាយរបស់គេ ប៉ុន្តែតារាស្រីរូបនេះកម្រនឹងចែករំលែកអំពីទំនាក់ទំនងរបស់នាងជាមួយនឹងម្ដាយបង្កើតណាស់ ហើយក៏មិនសូវបាននិយាយនោះដែរ។
ទោះជាយ៉ាងណាក៏ដោយ តារាស្រី Charmaine នៅតែត្រូវបានគេដឹងថា នាងមានភាពស្និទ្ធស្នាលជាមួយនឹងម្ដាយរបស់នាងណាស់ គឺអ្នកស្រី Lily ដែលជាអតីតពិធីករវិទ្យុជើងចាស់ កាលពីជំនាន់មុន។
យ៉ាងណាមិញ តារាស្រីរូបនេះធ្លាប់បានប្រាប់ខ្លះៗក្នុងបទសម្ភាសថា នាងមិនសូវមានភាពរីករាយដូចគេដទៃទេកាលនៅពីក្មេង ដោយសារតែឪពុករបស់នាងបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅពេលនាងមានអាយុ ៥ ឆ្នាំ ហើយម្ដាយរបស់នាងគឺជាអ្នកទទួលបន្ទុកចិញ្ចឹមបីបាច់កូនទាំង ៣ តែម្នាក់ឯង ហើយតស៊ូសន្សំលុយដើម្បីបង់ថ្លៃលើសិក្សាឱ្យនាងរៀននៅមហាវិទ្យាល័យមួយ ក្នុងប្រទេសស្វីសទៀតផង។
ការស្រឡាញ់ជ្រាលជ្រៅរបស់ម្ដាយ Charmaine ចំពោះនាងបែបនេះហើយ ទើបបានជាតារាស្រីរូបនេះសុខចិត្តចោលការងារទាំងអស់ដើម្បីចំណាយពេលជាមួយនឹងម្តាយ រៀបចំខួបកំណើតអាយុ ៧០ ឆ្នាំជូនគាត់ មិនថានាងរវល់យ៉ាងណាក៏ដោយ ដោយស្លៀកឈុតសម្លៀកបំពាក់ប្រពៃណីពណ៌ក្រហមឆ្អៅ ទទួលភ្ញៀវដែលបានចូលរួមញ៉ាំអាហារនាពេលល្ងាចយ៉ាងរីករាយ និង មានសុភមង្គល។
សូមបញ្ជាក់ដែរថា កន្លងមក Charmaine បានទិញផ្ទះវីឡាដ៏ប្រណីត ១ ខ្នង និង រថយន្តទំនើប ១ គ្រឿងរួចមកហើយ ជូនម្តាយជាទីស្រឡាញ់របស់នាង ដើម្បីជាកាដូថ្ងៃកំណើតរបស់គាត់កាលពីឆ្នាំមុនៗ៕