ទៀតហើយ! មនុស្ស ៤៦ នាក់លង់ទឹកស្ល-ា.//ប់នៅឥណ្ឌា ក្រោយនាំគ្នាសម្រុកចុះទឹកធ្វើពិធីបួងសួងឱ្យកូនៗសុខសប្បាយ
យ៉ាងហោចណាស់មនុស្ស ៤៦ នាក់ (ភាគច្រើនកូនក្មេង) បានលង់ទឹកស្លាប់ ខណៈនាំគ្នាចូលរួមក្នុងពិធីសាសនាមួយដោយនាំគ្នាចុះទៅងូតទឹកក្នុងបឹងត្រពាំងដែលកំពុងជន់លិចខ្លាំងពីគ្រោះទឹកជំនន់ថ្មីៗនេះ។
តាមព័ត៌មានបានឱ្យដឹងថា ភាគច្រើននៃករណីលង់ទឹកនេះកើតមានឡើងនៅភាគខាងជើងរដ្ឋ Bihar ប្រទេសឥណ្ឌា។ ជាក់ស្ដែងបើតាមការបញ្ជាក់ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Bihar កាលពីថ្ងៃទី ២៦ ខែកញ្ញាកន្លងទៅ បានឱ្យដឹងថា ក្មេងៗចំនួន ៣៧នាក់ និង ស្ត្រី ៧ នាក់ស្ថិតក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ក្នុងស្រុកចំនួន ១៥ ដោយពួកគេទាំងនេះបាននាំគ្នាទៅងូតទឹកត្រពាំងបឹង ដើម្បីប្រារព្ធពិធីបុណ្យសាសនាប្រចាំឆ្នាំមួយហៅថា Jivitputrika Vrat។
សារព័ត៌មានក្នុងប្រទេសឥណ្ឌាបានរាយការណ៍ដែរថា ទឹកទន្លេ បឹងបួ ក្នុងស្រុកថ្មីៗនេះគឺបានកើនឡើងខ្លាំងដោយសារតែទឹកជំនន់ ប៉ុន្តែមនុស្សជាច្រើននៅតែមិនខ្លាចនៅនាំគ្នាទៅចុះងូត និង ខ្លះថែមទាំងយកកូនៗទៅជាមួយទៀតរហូតមានគ្រោះថ្នាក់បែបនេះកើតឡើង។
យ៉ាងណាមិញ ក្រុមគ្រួសារជនរងគ្រោះភាគច្រើនដាក់បន្ទោសទៅលើការមិនអាចគ្រប់គ្រងសណ្ដាប់ធ្នាប់នៃហ្វូងមនុស្សសម្រុកចុះបឹងទន្លេមិនបានល្អ ទើបបណ្ដាលឱ្យមានការស្លាប់មនុស្សច្រើនបែបនេះ។
ក្រោយមានសោកនាដកម្មកើតមានឡើង ប្រធានគ្រប់គ្រងរដ្ឋ Bihar លោក Nitish Kumar ក៏បានសម្ដែងការសោកស្ដាយ និង ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។ បន្ថែមពីនេះ លោកក៏ប្រកាសផ្ដល់ថវិកាចំនួន ៤ ម៉ឺនរ៉ូពី (ប្រមាណជាង ៤៧០០ ដុល្លារ) ដល់ក្រុមគ្រួសារនៃសពម្នាក់ៗផងដែរ។
គួរបញ្ជាក់ថា ពិធីបុណ្យ Jivitputrika Vrat គឺជាពិធីបុណ្យសាសនាហិណ្ឌូមួយដែលប្រាព្ធធ្វើឡើងរៀងរាល់ឆ្នាំ ដោយស្ត្រីៗជាម្ដាយនាំគ្នាបួសតមអាហារដើម្បីបួងសួងសុំឱ្យកូនៗជួបតែសុវត្ថិភាពសុខសប្បាយ។ អមនឹងការតមអាហារនេះដែរ ស្ត្រីៗទាំងនោះក៏បាននាំគ្នាចុះទៅទន្លេបឹងបួក្បែរភូមិស្រុកដើម្បីងូតទឹកតាមប្រពៃណី ហើយខ្លះក៏នាំកូនៗទៅជាមួយផងដែរ៕
ប្រភព៖ VN Express