មិនលេងសើចទេ! ភ្លេចៗខ្លួន ប៉ែន ចំរុង ចាយពេលប្រឡូកសិល្បៈ ២២ ឆ្នាំ ឆ្លងកាត់គ្រប់រសជាតិទម្រាំមានថ្ងៃនេះ
បើនិយាយពីបទពិសោធក្នុងវិថីសិល្បៈ អាចនិយាយបានថា លោក ប៉ែន ចំរុង ជាសិល្បកររៀមច្បងមួយរូប ដែលចាស់វស្សាគួរសម ដោយលោកមានជំនាញសិល្បៈជាច្រើនយ៉ាង រាប់បញ្ចូលទាំងការសម្ដែង ពិធីករកម្មវិធីផ្សេងៗ និង ជំនាញកាត់សក់បង្កក់សិរីក្នុងវិធីមង្គលការទៀតផង។
បច្ចុប្បន្នលោក ប៉ែន ចំរុង កំពុងជោគជ័យមានទស្សនិកជនទទួលស្គាល់ទៅលើសមត្ថភាពជាពិធីកររបស់លោកយ៉ាងច្រើនក្រាស់ក្រែល តាមរយៈភាពបត់បែនក្នុងការបំពេញការងារ សម្ដីកំប្លុកកំប្លែង ជាមួយសំនួនវោហាស័ព្ទមិនចេះរីកស្ងួត ធ្វើឱ្យទស្សនិកជនដែលបានទស្សនាកម្មវិធីរបស់លោក មិនធុញ មិនស៊ាំ មិនណាយ ជាពិសេសពេលទស្សនាហើយ នាំគ្នាកោតសរសើរពីថ្វីមាត់របស់ពិធីករជាដើម។
នៅក្នុងវ័យខ្ទង់ ៤០ ឆ្នាំនេះ លោក ប៉ែន ចំរុង ធ្លាប់បង្ហើបប្រាប់នៅក្នុងកម្មវិធីបង្កក់កូនស្រីកាលពីពេលកន្លងទៅថា លោកបានប្រឡូកក្នុងវិស័យសិល្បៈ ២២ ឆ្នាំមកហើយ ដោយក្នុងរយៈពេលនេះ លោកបានឆ្លងកាត់ព្យុះភ្លៀងបោកបក់ក្នុងជីវិតសឹងតែមិនអាចក្រោកឈរបន្តដំណើរលើវិថីមួយនេះទៀតបាន ប៉ុន្ដែយ៉ាងណា លោកបានជួបមនុស្សល្អៗជាច្រើន ដែលព្យាយាមស្រោចស្រង់ផ្ដល់កម្លាំងចិត្ត ចង្អុលផ្លូវឱ្យលោកបន្តដំណើររហូតមកដល់បច្ចុប្បន្ន។
គេចាំមិនភ្លេចថា អំឡុងឆ្នាំ ២០១៦ ជីវិតសិល្បៈរបស់ លោក ប៉ែន ចំរុង ស្ទើរតែមិនអាចបន្តជំហានដើរលើវិថីមួយនេះទៀតបាន បន្ទាប់ពីផ្ទុះរឿងអាស្រូវនៃការលែងលះអតីតភរិយាទី ១ ហើយទម្រាំលោកស្រោចស្រង់ប្រជាប្រិយភាពមកវិញបានដូចសព្វថ្ងៃ មិនមែនជារឿងងាយស្រួលឡើយ៕