(វីដេអូ) អស្ចារ្យណាស់! មនុស្សយន្តដំបូងគេនៅកម្ពុជា អាចនិយាយភាសាខ្មែរបាន បង្កើតដោយកូនខ្មែរ
ថ្មីៗនេះ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវីដេអូបង្ហោះពីមនុស្សយន្តដំបូងគេ (Robot) បង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលមានសមត្ថភាពអាចនិយាយជាភាសាខ្មែរបាន ហើយថែមទាំងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញបានទៀតផង។
ជាមួយគ្នានេះក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានឱ្យដឹងដែរថា ការបង្កើតមនុស្សយន្តនេះបង្កើតឡើងក្នុងគោលបំណងសំខាន់បំផុតមួយគឺដើម្បីលើកកម្ពស់ការប្រើប្រាស់ «ភាសាជាតិ» នៅក្នុងបច្ចេកវិទ្យាឌីជីថលឱ្យបានកាន់តែច្រើនបន្ថែមទៀត។
លោក ប្រាជ្ញ ច័ន្ទឧត្ដម ជាអ្នកសម្របសម្រួលបច្ចេកវិទ្យាឌីជីថលផ្នែក A.I បានឱ្យដឹងដែរថា ការបង្កើតមនុស្សយន្តដ៏ឆ្លាតវៃនេះឡើង គឺដើម្បីបង្កើនសកម្មភាពនៃការស្រាវជ្រាវ និង ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗឱ្យបានកាន់តែច្រើនជាងមុននៅកម្ពុជា ដោយមនុស្សយន្តនេះបានដាក់ចូលនៅបច្ចេកវិទ្យាជាច្រើន ដូចជា ការដាក់ចូលនៅមុខងារបម្លែងអក្សរខ្មែរជាភាសាខ្មែរ, ប្រព័ន្ធ Chat-bot និង កម្មវិធីវិភាគមុខមនុស្ស និង វត្ថុជាដើម។ លោក និង ក្រុមអ្នកស្រាវជ្រាវដទៃទៀតក៏គ្រោងបង្កើតនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ដើម្បីអាចជួយដោះស្រាយបញ្ហានៅក្នុងសង្គម តាមក្រសួង ស្ថាប័នរដ្ឋ និង វិស័យឯកជននានាមួយចំនួនផងដែរ។
គួរឱ្យដឹងដែរថា មនុស្សយន្តមួយនេះអាចប្រាស្រ័យទាក់ទងគ្នាជាមួយមនុស្សបាន តាមរយៈការនិយាយជាភាសាខ្មែរ ការផ្ដល់សេវាបដិសណ្ឋាកិច្ច ដូចជា ផ្ដល់នូវព័ត៌មានទូទៅពាក់ព័ន្ធនឹងបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ មិនតែប៉ុណ្ណោះ Robot នេះក៏អាចស្ដាប់រាល់ការនិយាយជាភាសាខ្មែរ ធ្វើការវិភាគរាល់ពាក្យពេចន៍ទាំងនោះនឹងឆ្លើយតបជាភាសាខ្មែរមកវិញ ហើយវាក៏ត្រូវបានដាក់បញ្ចូលមុខងារចាប់កាន់បានអាចសម្គាល់បានមុខមនុស្ស និង វត្ថុនានាទៀតផង៕