ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងនៅថៃ យំលែងចេញ ក្រោយមាន់ជាង ២ ពាន់ក្បាល ត្រូវលង់ទឹកជំនន់ង-ា/ប់អស់
ថ្មីៗនេះ ភាគខាងត្បូងរបស់ប្រទេសថៃ កំពុងតែប្រទះគ្រោះទឹកជំនន់ជាថ្មី ដែលបង្កឱ្យមានការលំបាកដល់ការរស់នៅរបស់ប្រជាជន ជាពិសេសគឺការបាត់បង់ជីវិត និង ការទទួលរងការបាត់បង់ផ្ទះសម្បែងជាច្រើនខ្នង។
យ៉ាងណាមិញ ក្នុងនោះដែរ នៅក្នុងស្រុក Tak Bai ខេត្ត Narathiwat ក៏ជាខេត្តមួយដែលកំពុងតែរងគ្រោះដោយសារតែទឹកជំនន់ដូចគ្នា ជាពិសេសគឺមានកសិដ្ឋានចិញ្ចឹមមាន់ខ្នាតតូចមួយ ត្រូវបានបំផ្លាញទាំងស្រុង។ ខាងម្ចាស់កសិដ្ឋានបានឱ្យដឹងថា នៅតំបន់ផ្ទះរបស់ខ្លួននេះមិនធ្លាប់មានទឹកជំនន់មកពីមុននោះទេ ទើបមិនបានមានការត្រៀមខ្លួនអ្វីឡើយ ជាហេតុបង្កឱ្យមានការខូចខាតយ៉ាងច្រើន មានទាំងផ្ទះសម្បែងទ្រព្យសម្បត្តិ ជាពិសេសគឺមាន់សរុបជាង ២០០០ ក្បាល ត្រូវលង់ទឹកងាប់ទាំងអស់។
ម្ចាស់កសិដ្ឋានបានបន្តទៀតថា ពេលនេះពិតជាពិបាកចិត្តខ្លាំងណាស់ ព្រោះធ្វើអ្វីក៏មិនបាន យប់ឡើងក៏ដេកមិនកើត ព្រោះតែខ្លាចទឹកឡើងថែមទៀត។ ពេលនេះខ្លួនមិនសល់អ្វីឡើយ មានតែអំពាវសុំឱ្យអាជ្ញាធរជួយជាថវិកាក្នុងការជួសជុលផ្ទះ ក៏ដូចជាសុំជាទុនកូនមាន់មកចិញ្ចឹមឡើងវិញ៕
ប្រភព៖ AMARINTV