នេះជាស្ពានខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់ដល់ទៅ ៩០ ម៉ែត្រ ត្រៀមបើកឱ្យប្រើសាកល្បងចុងខែមីនា ឆ្នាំក្រោយ
នាពេលថ្មីៗនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ត្រួសៗពីគម្រោងស្ពានលេខ ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ ១០ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់ ៩០ ម៉ែត្រ ប្រវែងសរុប ៥៣៧ ម៉ែត្រ ស្ថិតក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ ១០ ដែលគម្រោងផ្លូវនេះ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK៣៥+៩០០ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ (ចាស់) ត្រង់ PK១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បច្ចុប្បន្នស្ពានខ្ពស់ជាងគេនេះ សម្រេចការសាងសង់បាន ៧៩% ហើយ ដែលមានន័យថា ស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ ២០២៥ ខាងមុខនេះ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានចូលមកដល់។
យ៉ាងណាមិញ បើតាមការឱ្យដឹងពីក្រសួងសាធារណការ និង ដឹកជញ្ជូន ស្ពានខ្ពស់ជាងគេនេះ មានចំណុចកណ្តាលស្ពានស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ ដឺក្រេ។ សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ «T» ផ្នែកខាងកើតមាន ៤ ប្រលោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញ មាន ៣ ប្រលោះ និង ផ្នែកខាងលិចប្រភេទធ្នឹមអក្សរ «T» មាន ៥ ប្រលោះ។
ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និង ធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ «T») ប្រើសសរមូលជួរឈរ និង ប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និង ប្រភេទគ្រឹះខួង៕
ប្រភព ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន