យាយញិល អ្នកកំប្លែងថ្មីវ័យចំណាស់ សម្ដែងរឿងខ្លីម្តងៗផ្ទុះផ្អើលពេញ Tik Tok ព្រោះវោហារស័ព្ទ និង ការលេងទឹកមុខ
បងប្អូនដែលនិយមតាមដាន និង ទស្សនាតាមបណ្ដាញសង្គម Tik Tok ច្បាស់ជាស្គាល់ យាយញិល ជាអ្នកសម្ដែងកំប្លែងវ័យចំណាស់ពូកែសម្ដី និង មានភាពកំប្លុកកំប្លែងម្នាក់មិនខាន ហើយរាល់មហាជនទស្សនាហើយសុទ្ធតែផ្ទុះសំណើចក្អាកក្អាយរំសាយអស់ទុក្ខកង្វល់។
ជារឿយៗ ប្រិយមិត្តតែងបានឃើញអ្នកកំប្លែងរូបនេះសម្ដែងជាតួអង្គឆ្នាសឆ្នើម កោងកាច ច្រើនជាងតួអង្គបែបស្លូត។ ក្នុងនោះរឿងនីមួយៗសុទ្ធសឹងទទួលបានការគាំទ្រ និង ការកោតសរសើរពីមហាជនមិនដែលដាច់ឡើយ។ អ្វីរឹតតែពិសេសនោះ យាយញិល តែងនិយាយពាក្យកំប្លែងស្ងួតតាមរយៈវីដេអូខ្លីៗនាំឱ្យមហាជនទស្សនារាប់ពាន់នាក់។
ថ្វីដ្បិតថា យាយញិល មិនមែនជាអ្នកកំប្លែងដែលមហាជនបានឃើញតាមរយៈកញ្ចក់ទូរទស្សន៍ដូចតារាកំប្លែងខ្មែរមួយចំនួននោះមែន តែក្រោយប្រឡូកវិស័យនេះមក គេសង្កេតឃើញ យាយាញិល មានទេពកោសល្យ និង ភាពប៉ិនប្រសប់ក្នុងសម្តែងទឹកមុខមិនធម្មតាទេ ដែលទាំងនេះបានធ្វើឱ្យអ្នកកំប្លែងវ័យចំណាស់រូបនេះមានឈ្មោះល្បី ឆាប់មានគេស្គាល់ច្រើនលឿនក្នុងស្រទាប់មហាជន ជាពិសេសអ្នកលេងក្នុងបណ្ដាញសង្គម Tik Tok៕