នារីចិនម្នាក់លឈុតកូនក្រមុំនៅហាង តែម្ចាស់ហាងទារសំណង ៣០០ ដុល្លារ ព្រោះក្លិនក្លៀកស្អុយជាប់លើឈុត
ថ្មីៗនេះ នារីជនជាតិចិនម្នាក់បានចេញមុខមកទម្លាយរឿងដ៏ហួសចិត្តមួយរបស់ខ្លួន ក្រោយពីទៅលឈុតរៀបការនៅហាងមួយកន្លែង ហើយត្រូវម្ចាស់ហាងទារសំណងដោយចោទថានាងមានក្លិនក្លៀកមិនល្អ ធ្វើឱ្យជាប់ក្លិនទៅដល់ឈុត។
នារីរូបនេះបានរៀបរាប់ឱ្យដឹងថា នាងបានទៅលរ៉ូបកូនក្រមុំនៅហាងមួយកន្លែង ដែលថ្ងៃនោះនាងបានលចំនួន ២ រ៉ូប។ ក្នុងនោះ នាងបានលរ៉ូបទី ១ ហើយក៏សង្កេតឃើញថាបុគ្គលិកហាក់មានទឹកមុខមិនពេញចិត្ត តែនាងក៏មិនសូវអារម្មណ៍ លុះដល់លរ៉ូបទី ២ នាងមានអារម្មណ៍ថាមិនសូវស្រឡាញ់រ៉ូបទាំងនេះ ទើបសម្រេចចិត្តថានឹងដូរហាង។ ខណៈនាងកំពុងរៀបនឹងចេញពីហាងហើយ ស្រាប់តែម្ចាស់ហាង និង បុគ្គលិកបានចោទថានាងបានធ្វើរ៉ូបមានក្លិនស្អុយ ដោយសារតែក្លិនខ្លួន និង ក្លិនក្លៀករបស់នាង ហើយក៏បានទារសំណងពីនាងចំនួន ២០០០ យ័ន ដែលស្មើនឹងជិត ៣០០ ដុល្លារ។
យ៉ាងណាមិញ នាងព្រមទទួលស្គាល់ថានាងពិតជាមានក្លិនខ្លួនមែន ព្រោះបន្ទប់ផ្លាស់សម្លៀកបំពាក់នោះ គ្មានដាក់ម៉ាស៊ីនត្រជាក់ឡើយ តែនាងក៏មិនសុខចិត្តដែលខាងហាងមកទារលុយនាងបែបនេះឡើយ នាងក៏បានហៅប៉ូលិសមកជួយសម្របសម្រួល ប៉ុន្តែចុងក្រោយនាងក៏នៅតែជាអ្នកសងសំណងទៅខាងហាងដដែល៕
ប្រភព៖ Khaosod