ចែកគ្នាដឹងអ្នកម៉ាក់ៗ អាហារ ៤ យ៉ាង បរិភោគនៅអំឡុងគភ៌ ៥ ខែ អាចធ្វើឱ្យកូនឆ្លាតនៅពេលធំឡើង
នរណាដែលថាមិនចង់បានកូនឆ្លាត? ពិតណាស់ តាមការស្រាវជ្រាវ ភាពឆ្លាតវៃរបស់កូនអាចអភិវឌ្ឍន៍បានតាំងពីកំពុងលូតលាស់នៅក្នុងផ្ទៃ។ អាហារបរិភោគពីម្តាយគឺជាផ្នែកមួយដ៏សំខាន់ដែលជួយអភិវឌ្ឍន៍ខួរក្បាលកូនទៅលើផ្នែកបញ្ញា ហេតុដូច្នេះ វាពិតជាចាំបាច់ដែលស្ត្រីពពោះត្រូវយកចិត្តទុកដាក់ចម្បងទៅលើរបបអាហារ។ ខាងក្រោមនេះ ជាអាហារ ៤ យ៉ាង អាចជួយអភិវឌ្ឍន៍ខួរក្បាលកូន ដែលមានប្រយោជន៍ធ្វើឱ្យពួកគេមានឆ្លាតវៃតាំងពីនៅក្នុងពោះ។
១. អាហារសម្បូរ អាស៊ីតខ្លាញ់ អូមេហ្គា ៣ (Omega 3 fatty acids) ៖ អាស៊ីតខ្លាញ់ដើរតួយ៉ាងសំខាន់ជួយអភិវឌ្ឍន៍ខួរក្បាលកូន និង មុខងារភ្នែក។ អាស៊ីតខ្លាញ់មានផ្ទុកនៅក្នុងអាហារដូចជា ត្រីសាលម៉ុន ត្រីធូណា ត្រីប្លាធូ ឬ ត្រីកាម៉ុង ត្រីសាឌីន គ្រាប់វ៉ល់ណាត់ និង គ្រាប់ផ្កាឈូករ័ត្ន។
២. អាហារសម្បូរ កូលីន (Choline) ៖ កូលីនល្អបំផុតសម្រាប់ការអភិវឌ្ឍន៍សុក និង ខួរក្បាលទារក។ កូលីនជាប្រភពសារធាតុចិញ្ចឹមដ៏មានសារសំខាន់នៅក្នុងការបង្កើតជាលិកាខួរក្បាល។ ស្ត្រីមានផ្ទៃពោះពិតជាចំាបាច់ប្រើអាហារបំប៉ន ឬ supplement ដែលមានសារធាតុកូលីន ទាំងមុនពេលមានផ្ទៃពោះ អំឡុងពពោះ និង ក្រោយពេលសម្រាល។
៣. អាហារសម្បូរ អាស៊ីតហ្វូលីក ៖ ការទទួលយកអាស៊ីតហ្វូលីកច្រើនអាចជួយកាត់បន្ថយ ពិការភាពបំពង់សរសៃប្រសាទ និង ភាពមិនប្រក្រតីរបស់កូនដូចជា មាត់ បេះដូង ផ្លូវទឹកនោម និង អវយវៈជាដើម។ អាហារសម្បូរអាស៊ីតហ្វូលីកមានដូចជា ពពួកបន្លែពណ៌បៃតងចាស់ ផ្កាខាត់ណា-ស ទំពាំងបារាំង និង ស្ពៃពួយឡេង។ បើតាមការស្រាវជ្រាវ ការកង្វះអ៊ីយ៉ូតនៅ ១២ សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ ក៏អាចបណ្តាលឱ្យកម្រិតបញ្ញា (IQ) របស់កូនមានការធ្លាក់ចុះផងដែរ។
៤. អាហារសម្បូរ ស័ង្កសី ៖ សារធាតុស័ង្កសីអាចជួយបង្កើតកោសិកាខួរក្បាល ដែលមានផលវិជ្ជមានចំពោះការអភិវឌ្ឍន៍ខួរក្បាលកូននៅអំឡុងពពោះ។ ស្ត្រីខ្វះជាតិស័ង្កសីអាចបង្កឱ្យអាការចាញ់កូន(ក្អួតចង្អោរ) អូសបន្លាយរយៈពេលយូរ អាចប្រឈមការរលូត អាចកើតមិនគ្រប់ខែ និង កើតមិនគ្រប់គីឡូ។ អាហារផ្ទុកសារធាតុស័ង្កសីមានដូចជា អាហារសមុទ្រ សាច់គោ សាច់មាន់ ស៊ុត អាហារធ្វើពីទឹកដោះគោ គ្រាប់សណ្តែក និង បន្លែ៕
ប្រភព៖ VINMEC