អ្នកនយោបាយនៅកូរ៉េខាងត្បូង បន្ទោសលើភាពលេចធ្លោរបស់ស្ត្រីជាដើមចមឱ្យបុរសៗក្នុងប្រទេសធ្វើអត្ត,/ឃា-តកាន់តែច្រើន
អ្នកនយោបាយម្នាក់នៅប្រទេសកូរ៉េខាងត្បូង កំពុងផ្ទុះការមិនពេញចិត្តខ្លាំង ក្រោយលោកទាញការកើនឡើងនៃករណីធ្វើអត្តឃាតលើបុរសៗ ទៅពាក់ព័ន្ធនឹងការកើនឡើងនៃភាពលេចធ្លោរបស់មនុស្សស្រីក្នុងសង្គម។
តាមសារព័ត៌មាន BBC បានឱ្យដឹងថា ទីប្រឹក្សាក្រុងសេអ៊ូលម្នាក់ ឈ្មោះ Kim Ki-duck បានចេញរបាយការណ៍ដោយលើកឡើងថា វត្តមានចូលរួមរបស់ស្ត្រីក្នុងសង្គម និងភាពលេចធ្លោនៃតួនាទីរបស់ពួកគេក្នុងសង្គម គឺជាដើមចមធ្វើឱ្យមានការលំបាកកាន់តែខ្លាំងសម្រាប់មនុស្សប្រុសក្នុងការស្វែងរកការងារធ្វើ និងស្វែងរកដៃគូដើម្បីរៀបការ។
ក្នុងរបាយការណ៍នោះបានរៀបរាប់ថា៖ «មិនដូចកាលពីមុន នៅពេលដែលភាពលេចធ្លោនៃបុរសគឺមានឥទ្ធិពលក្នុងប្រទេសកូរ៉េ តែដល់ឆ្នាំ ២០២៣ វាក៏ចាប់ផ្ដើមផ្លាស់ប្ដូរទៅជាសង្គមដែលមនុស្សស្រីលេចធ្លោជាងវិញ ដោយប្រមាណ ៥% មនុស្សស្រីច្រើនជាងបុរស។ ដើម្បីដោះស្រាយលើការរីកដុះដាលឡើងនៃភាពលេចធ្លោនៃមនុស្សស្រីនេះ ក្នុងពេលដ៏ខ្លី វាចាំបាច់ត្រូវលើកកម្ពស់ការយល់ដឹងពីសមភាពយេនឌ័រ ដើម្បីឱ្យបុរស និងស្ត្រីអាចទទួលបានសិទ្ធិ និងឱកាសស្មើគ្នា រួមទាំងដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម ដោយការបង្កើនការចូលរួមរបស់មនុស្សប្រុសក្នុងសង្គម»។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោក ជាប្រទេសមានអត្រាធ្វើអត្តឃាតខ្ពស់ជាងគេ និងជាប្រទេសមានអត្រាធ្វើអត្តឃាតខ្ពស់បំផុតនៅបណ្ដាប្រទេស OECD៕
ប្រភព៖ 9GAG