ដាច់បាយដាច់ទឹកទៀតហើយ! ស្រីស្រស់ Kim Yoo Jung ប៉ះប្រុសស្អាតមុខខិល Song Kang ក្នុងរឿងថ្មី
ជាដំណឹងមួយដ៏រីករាយសម្រាប់អ្នកគាំទ្រ និង ចូលចិត្តមើល K-Drama ដោយយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ នេះ តារាសម្ដែងស្រីមុខស្រស់ Kim Yoo Jung និង តារាសម្ដែងប្រុសរាងសង្ហាមុខខិល លោក Song Kang នឹងក្លាយជាតួឯកប្រុសស្រីក្នុងរឿងភាគថ្មី មានចំណងជើងថា «My Demon» ប៉ុន្តែចំណងជើងមួយនេះអាចនឹងផ្លាស់ប្ដូរ។
ភ្នាក់ងាររបស់តារាសម្ដែងទាំង ២ បានឆ្លើយតបទៅនឹងរបាយការណ៍ទាំងនោះថា ៖ «My Demon គឺជាគម្រោងរឿងភាគមួយថ្មី ដែល Song Kang ត្រូវបានគេផ្តល់ជូនលោក»។ នេះជាការរាយការណ៍ពីខាង Namoo Actors ដែលជាភ្នាក់ងាររបស់លោក Song Kang។ រីឯខាងភ្នាក់ងាររបស់តួស្រី Awesome ENT វិញក៏បានឆ្លើយតបស្រដៀងគ្នាថា ៖ «វាគឺជាគម្រោងថ្មីមួយដែល Yoo Jung កំពុងពិចារណា»។
គួរឱ្យដឹងផងដែរថា ក្នុងរឿង «My Demon» នេះ លោក Song Kang ត្រូវបានគេផ្តល់ឱ្យដើរជាតួបិសាច Jung Gu Won ខណៈតារាស្រី Kim Yoo Jung នឹងដើរជាតួអ្នកស្នងមរតករបស់ Chaebol ឈ្មោះ Do Do Hee៕